ភ្នំពេញៈ បុរសម្នាក់បើកស៊េរីទំនើប ក្នុងស្ថានភាពស្រវឹងជោគ បានរេចង្កូតបុករះរថយន្តបីគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ ត្រង់ចំណុចរង្វង់មូលទួលគោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាកឡង់គ្រីស័រ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ.02.2.5449 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ចំណុចកើតហេតុ បានទៅកៀររថយន្តលុចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2 N5565 បណ្ដាលរងការខូចខាតមួយចំហៀងខាងឆ្វេង ហើយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុករថយន្តប៊ីស៊ុយប៉ីស៊ីពេញទំហឹង ចំចង្កៀងខាងស្ដាំផ្នែកខាងមុខរងខូចខាយ៉ាងដំណំ រួចបន្តទៅបុករថយន្តកាមរីហាយប្រីតមួយគ្រឿងទៀតខូចខាតមួយកំណាត់មុខ តែសំណាងល្អមិនមានអ្នករបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ បានឲ្យភាគីខាងរថយន្តបង្ក ដោះស្រាយជាមួយរថយន្តរងគ្រោះ ដោយដោះស្រាយមិនត្រូវគ្នា ទើបសមត្ថកិច្ចទាក់ទងជំនាញ មកវាស់វែងយករថយន្តទាំង៤គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៌ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕








មតិយោបល់