កាលពីពេលថ្មីៗនេះ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (អង្គការយូនីសេហ្វ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនឱសថចិន Sinovac ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមទៀតដល់បណ្តាប្រទេសកំពុងអភិវឌ្ឍតាមរយៈយន្តការ COVAX ។
អ្នកតំណាងអង្គការយូនីសេហ្វប្រចាំអ៊ូហ្គង់ដា លោក Munir Safieldin បានសរសេរនៅលើបណ្តាញសង្គម Twitter នៅមួយថ្ងៃបន្ទាប់ពីអង្គការយូនីសេហ្វប្រកាសអំពីកិច្ចព្រមព្រៀងនេះថា កិច្ចព្រមព្រៀងនេះផ្តល់នូវក្តីសង្ឃឹមសម្រាប់ការពង្រីកនូវការទទួលបានវ៉ាក់សាំងសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ។
លោក Safieldin បាននិយាយថា «នេះគឺពិតជាដំណឹងមួយដ៏ល្អ។ វ៉ាក់សាំងដែលត្រូវបានអនុម័តបន្ថែមតាមរយៈយន្តការ COVAX នឹងធ្វើឱ្យប្រជាជនកាន់តែច្រើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩»។
លោកបាននិយាយបន្ថែមថា «គ្មាននរណាម្នាក់មានសុវត្ថិភាពទេ លុះត្រាតែមនុស្សគ្រប់គ្នាមានសុវត្ថិភាព»។
តាមរយៈកិច្ចព្រមព្រៀងផ្គត់ផ្គង់នេះ អង្គការយូនីសេហ្វនឹងទទួលបានវ៉ាក់សាំងរហូតដល់ ២០០លានដូសក្នុងឆ្នាំ២០២១ នេះ ដើម្បីផ្គត់ផ្គង់ដល់បណ្តាប្រទេស និងទឹកដីដែលចូលរួមក្នុងគំនិតផ្តួចផ្តើមយន្តការ COVAX ។
យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា បណ្តាប្រទេសកំពុងអភិវឌ្ឍត្រូវការការចាក់វ៉ាក់សាំងរាប់រយលានដូសបន្ថែមទៀតដើម្បីទប់ស្កាត់នូវការឆ្លង។
ខណៈដែលកំពុងទទួលអំណោយជាគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តរបស់បារាំងកាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តីអ៊ូហ្កង់ដា លោក Robinah Nabbanja បាននិយាយថា «យើងបន្តមើលឃើញនូវភាពខុសគ្នាក្នុងការទទួលបានវ៉ាក់សាំងជាមួយបណ្តាប្រទេសអភិវឌ្ឍដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេ ខណៈដែលបណ្តាប្រទេសកំពុងអភិវឌ្ឍកំពុងពុះពារក្នុងការទទួលបានវ៉ាក់សាំង»។
លោក Nabbanja បាននិយាយបន្ថែមថា «យើងដឹងហើយថាឥឡូវនេះ ការចាក់វ៉ាក់សាំងគឺជាមធ្យោបាយប្រាកដប្រជាបំផុតដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺរាតត្បាត។ វាក៏ជួយការពារអ្នកជំងឺពីការបង្ហាញរោគសញ្ញាធ្ងន់ធ្ងរផងដែរ»៕
មតិយោបល់