ព័ត៌មានអន្តរជាតិ

អាមេរិក នឹងផ្អាកការអនុលោមតាម​សន្ធិសញ្ញា​នុយក្លេអ៊ែរ INF នៅក្នុងរយៈពេល ៦ ខែ ប្រសិនរុស្ស៊ី..

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងធ្វើការផ្អាកការអនុលោមរបស់ខ្លួន លើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ជាមួយរុស្ស៊ី ដោយនឹងដកខ្លួនចេញ ពីកិច្ចព្រមព្រៀងអាវុធឆ្នាំ ១៩៨៧ ក្នុងរយៈពេលប្រាំមួយខែ ប្រសិនបើក្រុងម៉ូស្គូ មិនបានបញ្ចប់ការរំលោភលើកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Pompeo បាននិយាយថា រដ្ឋបាលលោកនឹងផ្តល់ការជូនដំណឹងជាផ្លូវការ ដល់ប្រទេសរុស្ស៊ីថា អាមេរិកកំពុងត្រៀមដកខ្លួនចេញពី INF ក្នុងរយៈពេលប្រាំមួយខែ ប្រសិនបើក្រុងម៉ូស្គូ មិនគោរពតាមសន្ធិសញ្ញានោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានលើកទ្បើង ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជាយូរយារមកហើយ ប្រទេសរុស្ស៊ី បានរំលោភលើសន្ធិសញ្ញាមួយនេះ ដោយគ្មាននិទណ្ឌភាព ជាមួយការបង្កើតនូវប្រព័ន្ធមីស៊ីល ត្រូវបានហាមឃាត់ដែលបង្កការគំរាមកំហែង ដោយផ្ទាល់ដល់សម្ព័ន្ធមិត្ត និងកងទ័ពរបស់យើងនៅបរទេស។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ការចាកចេញរបស់អាមេរិក មិនមែនជាបញ្ហានៃកំហុសរបស់រុស្ស៊ីទេ ប៉ុន្តែជាយុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីចង់ដកខ្លួនចេញពីកាតព្វកិច្ចផ្នែកច្បាប់អន្តរជាតិរបស់ខ្លួន៕

មតិយោបល់