ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ក្នុងអារម្មណ៍ឆ្លេឆ្លា អន្ទះសារ មួរហ្មងចិត្ត ដើរតាមស្វែងរកគូរស្នេហ៍ ក្រោយពីភាគីខាងប្រុសគេចខ្លួនបាត់ ទៅរៀបការជាមួយស្រីផ្សេង ទុក្ខបាត់ស្នេហ៍ធ្លាក់មកឲ្យនាង កាន់រូបថត ដើរប្តឹង តាមស្វែងរក ។
នារីខាងលើមានអាយុជាង២០ឆ្នាំ មិនហ៊ានប្រាប់ឲ្យស្គាល់អត្តសសញ្ញាណ គ្រាន់តែឲ្យដឹងថា បម្រើការងារជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមអ្វីដែលនារីខាងលើ រៀបរាប់ គ្រាដែលនាងមកដល់ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងត្រួសៗថា នាងស្គាល់ ស្រឡាញ់គ្នា ជាមួយបុរសម្នាក់ ឈ្មោះ សួន សែន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អតីតជាពលករ នៅប្រទេសកូរ៉េ ។ ពួកគេទាំង២នាក់ ស្រឡាញ់គ្នានាងសុខចិត្ត ប្តូរផ្តាច់ ដោយសំអាង អ្វីដែលសន្យា ពេលត្រឡប់វិលមកពីធ្វើការនៅប្រទេសកូរ៉េវិញ រៀបការជាមួយគ្នា ក្លាយជាប្តីប្រពន្ធពេញច្បាប់ ទើបនាងហ៊ានល្មើស ទម្លាប់ ប្រពៃណី បង់ទាំងខ្លួនប្រាណ នឹកមិនស្មានដល់ ថាមានរឿងដាក់ក្នុងជីវិតដូចថ្ងៃនេះ ។
នារីដដែលឲ្យដឹងទៀតថាជីវិតស្នេហារបស់នាងជាមួយ សង្សារជាពលករនៅប្រទេសកូរ៉េ ប្រើអស់រយៈពេល៤ឆ្នាំ រងចាំមើលថ្ងៃចូលរោងការ សង្សារយូរៗមកម្តងចូលដេកតែផ្ទះសំណាក់ ស្រាប់តែវេលាកំណត់ការងារ ត្រូវបានបញ្ចប់ ខាងប្រុសត្រូវបានវិលត្រឡប់មកវិញ នាងទៅទួលដល់ព្រលានយន្តហោះ ក្នុងពេលថ្មីៗកន្លងមកនេះ ហើយក៏ជាលើកចុងក្រោយដែលបាន ឃ្លាតចាកគេចទៅឆ្ងាយ គ្រាដែលមកដល់មាតុប្រទេសវិញភ្លាមពួកគេបាននាំគ្នាចូលដេកផ្ទះសំណាក់ មួយកន្លែង មុខព្រលានយន្តហោះ នឹកថាមិនបាច់ទៅណាឆ្ងាយនោះទេ លុះ ស្អែកឡើងទើបពួកគេទាំង២នាក់ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ស្រាប់មកដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បែកធ្លាយរឿងថាបុរសជាស្សារ លួចរៀបការជាមួយអ្នកផ្សេង ជាកម្មការនីរោងចក្រ នៅឯខាងទីរួមខេត្តកំពង់ស្ពឺទៅវិញ ធ្វើឲ្យចិត្តនាងជាសង្សារទោមនស្ស កាន់រូបថតដើរតាមស្វែងរកនិងសួរយោបល់សមត្ថកិច្ច។
ក្រោយពីស្តាប់ការរៀបរាប់ របស់នារីខាងលើ ត្រូវបាន សមត្ថកិច្ច ប្រាប់ពន្យល់ណែនាំ ឲ្យនាងទៅ សាកសួរដល់លំនៅដ្ឋានខាងប្រុសតែម្តងទៅ ដើម្បីហៅមកនិយាយគ្នា ទើបនារីខាងលើវិលត្រឡប់ទៅវិញ ៕


មតិយោបល់