ភ្នំពេញៈ នារីម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូ Today ទៅបុកជាមួយរថយន្ត Highlander បើកបរដោយនារីរូបស្រស់ម្នាក់ នៅចំណុចផ្លូវបំបែកជាបួន បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះពិនិត្យមើលភា្លមៗ កាលពីវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចផ្លូវបែកជាបួន ស្តុបបុរីកីឡា ផ្លូវលេខ១៨២(ទេពផន) កែងផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អ្នករងរបួសឈ្មោះ ហ៊ូ ហ្ស៊ីហ្សឺលៀ ជឺហ្សី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាសិស្សសាលាភាសាចិន ឆុង ជឹង ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-9663 បើកបរដោយនារីរូបស្រស់ម្នាក់ រួមដំណើរដោយបុរសបរទេសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ 1GM 8580 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១១ ក្នុងទិសដៅពីជើងទៅត្បូងបានទៅបុករថយន្តផ្នែកខាងស្ដាំ បណ្ដាលឲ្យបោកផ្ទប់នឹងកញ្ចក់រថយន្ត រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជន ហុងហាក់ បានមកដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការនគរបាលខណ្ឌ៧មករា ចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមច្បាប់៕
មតិយោបល់