ព័ត៌មានជាតិ

ម្នាក់ជាប់ខ្នោះ ម្នាក់បាត់បង់ជីវិត ដោយសារតែមិនបានសម្រេច

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​បាន​លោត​ពីលើ​ខុន​ដូ​ជាន់​ទី​៧​បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ និង​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ត្រូវ​នគរបាល​ខណ្ឌចំការមន​ឃាត់ខ្លួន​។​ ករណី​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​និង​៣០​នាទី​ ន​ចំណុច​មុខ​ផ្ទះ​លេខ​៣៩​ ផ្លូវ​៤៣២​ ក្រុម​ទី​៦​ ភូមិ​២​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​
​លោក​វរសេនីយ៍ទោ​ ហេង​ ថា​រ៉េ​ត​ អធិការរង​ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១.​ឈ្មោះ​ ផល​ ព្រួញ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​ទំនប់​កប់​ស្រូវ​ សង្កាត់​គោករ​ការ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​ ជាង​ពិ​ដាន​ និង​ទី​២.​ឈ្មោះ​ យួន​ ភេទ​ប្រុស​ អាយុ​ប្រហែល​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​មិន​ទាន់​ស្គាល់​អាស្រ័យ​ដ្ឋា​ន​)​ (​ស្លាប់​)​។​
​វត្ថុ​តាង​ចាប់​យក​បាន​រួម​មានៈ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HL-3993​។​B Pheak Post News:
​លោក​អធិការ​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច​ខាងលើ​ ធ្វើ​សកម្មភាព​ ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រីជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​កង់​បី​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ ដោយ​ជនសង្ស័យ​ឈ្មោះ​យួន​ ជា​អ្នក​បើក​ម៉ូតូ​ផង​ និង​ជា​អ្នក​ឆក់​ផង​ តែ​ឆក់​មិន​បាន​សម្រេច​ ដោយ​ជន​រង​គ្រោះ​បាន​ចាប់ដៃ​ជនសង្ស័យ​ជាប់​ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ ពេល​នោះ​ជនសង្ស័យ​បាន​នាំ​គ្នា​ស្ទុះ​រត់គេច​ខ្លួន​ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​នគរបាល​យើង​ ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ផល​ ព្រួញ​ រួម​និង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ យួន​ បាន​រត់គេច​ ចូល​ខុន​ដូ​ដែល​នៅ​ក្បែរ​នោះ​ ឡើង​ទៅ​ជាន់​ទី​៧​ រួច​លោត​ចុះ​មក​ក្រោម​បម្រុង​គេចខ្លួន​បន្ត​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​ដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​កង់​បី​ ចេញ​ទៅ​បាត់​ដោយ​ពុំ​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ​ ៕

មតិយោបល់