ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងសហការជាមួយលោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ២៩ ឆ្នាំ មុខរបរ រត់កង់បី PassApp នៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ទាក់ទងនឹងការគំរាមកំហែង សម្លាប់នារីម្នាក់ ក្រោយពីណាត់នារីនោះ មករួមភេទមិនបានសម្រេច។
នារីរងគ្រោះ បានស្គាល់ជនសង្ស័យ តាមរយៈការហៅ PassApp ជិះជាញឹកញាប់ ហើយក៏ត្រូវបានជនសង្ស័យលួងលោម ក្នុងន័យបោកមនោសញ្ចេតនា ឲ្យទៅរួមភេទជាមួយ ហើយលួចថតរូបអាក្រាត។ បន្ទាប់មក ជនសង្ស័យក៏បានទាក់ទងនារីរងគ្រោះ ឲ្យមករួមភេទទៀត តែជនរងគ្រោះបានបដិសេធ ពេលនោះ ជនសង្ស័យក៏បានផ្ញើរូបអាក្រាត ឲ្យមិត្តភក្ដិមើល និងគំរាមថា នឹងសម្លាប់ចោលបើសិនជាបានជួបម្តងទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ក្រោមបទគំរាមកំហែងថា នឹងសម្លាប់ និងគំរាមកំហែងហែកកេរ្តិ៍។
នេះជាសារមួយ សម្រាប់អប់រំដល់បងប្អូនទាំងអស់ ឲ្យបានដឹងថា សម័យនេះ ជាសម័យបច្ចេកវិទ្យា ដែលតម្រូវឲ្យយើង មានការពិចារណាខ្ពស់ កុំជឿលើការលួងលោម របស់ជនខិលខូចមួយចំនួន ដែលអាចបណ្ដាលឲ្យយើង រងគ្រោះនៅថ្ងៃមុខ៕
មតិយោបល់