ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបបើកបុកម៉ូតូផ្លោងធ្លាក់ផ្លូវ ស្ដ្រីវ័យចំណាស់ម្នាក់របួសធ្ងន់

ព្រៃវែងៈ ស្ដ្រីវ័យចំណាស់ម្នាក់ បានរងរបួសធ្ងន់ស្ទើរតែបាត់បង់ជីវិត ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបមួយគ្រឿងបានបុកម៉ូតូពេញទំហឹងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ8 ត្រង់ចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក បើកបរដោយឈ្មោះ ឡៃ ប៊ូអ៊ី ភេទប្រុស អាយុ២១ឆ្នាំ នៅសង្កាត់បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទិសពីលិចទៅកើតក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿង ម៉ាកគុប ពណ៌សំបកឪឡឹកបើកបរដោយឈ្នោះ យ៉ិន ពឿន ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ធ្វើដំណើរស្របទិសគ្នា ពីលិចមកកើត បណ្តាលឲ្យផ្លោងធ្លាក់ពីលើផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុអ្នកបើករថយន្តបង្កបានព្យាយាមបើកគេចមកដល់ចំណុចមុខមន្ទីរពទ្យបង្អែកស្រុកពារាំង ត្រូវបានកម្លាំងអធិការដ្ឋានស្ទាក់ចាប់បាន។ ទាំងមនុស្សនិងរថយន្ត ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់