កណ្តាលៈ ជនសង្ស័យចំនួន៤នាក់ ត្រូវនគរបាលស្រុកពញាឮចាប់ខ្លួន បន្ទាប់ពីយកដំបងគប់បុរសម្នាក់ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចគន្លងដាយលេខ11C ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ (ស្លាប់) ឈ្មោះ ជឿន ម៉ក់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករគន្លងដាយលេខ11C មានទីលំនៅភូមិផាត់សណ្តាយ ឃុំកំពង់ចំលង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែកជនសង្ស័យចាប់ខ្លួនចំនួន០៤នាក់ រួមមាន៖
១-ឈ្មោះ ឡេង ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករគន្លងដាយ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពងឆ្នាំង
២-ឈ្មោះ ឡេង សុភណ្ឌ័ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់
៣-ឈ្មោះសាត សុទ្ធារះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរខ្មែរ មុខរបរកម្មករសំណង់
និងទី៤-ឈ្មោះ អេង ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ អ្នកទាំង៣នាក់ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតា ទែន ស្រុកពញាឮ ខេត្តកណ្តាល។
វត្ថុតាងចាប់យកមាន៖ ដំបងឈើមូលចំនួន០១កំណាត់ ប្រវែង០,៦២ម៉ែត្រ ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យទាំង០៤នាក់ បាននាំគ្នាជិះទូកទៅទារលុយថ្លៃឈ្នួល ពីម្ចាស់គន្លងដាយលេខ១១C ដែលជំពាក់ចំនួន១០ម៉ឺនរៀល ដោយពេលទៅដល់ឈ្មោះ ឡេង ម៉ៅ បានសួររកម្ចាស់គន្លងដាយ ប៉ុន្តែបានជួបជនរងគ្រោះឈ្មោះ ជឿន ម៉ក់ បាន ប្រាប់ថា ម្ចាស់គន្លងដាយមិននៅទេ ហើយក្នុងពេលនោះឈ្មោះ ឡេង ម៉ៅ ក៏បានទាក់ពាក្យសម្ដីគ្នាជាមួយជនរងគ្រោះ ឆ្លៀតពេលនោះ ឈ្មោះ ឡេង ម៉ៅ បានទាញដាវពីក្នុងទូកកាន់ នឹងដៃបម្រុងកាប់លើជនរងគ្រោះ ប៉ុន្តែត្រូវបានឈ្មោះ សេន សាឡេះ ភេទប្រុស ចាប់ឃាត់ ភ្លាមនោះដែរឈ្មោះ ឡេងសោភណ្ឌ័ បានយកដំបងឈើមូល គប់ទៅលើជនរងគ្រោះឈ្មោះ ជឿន ម៉ក់ ចំត្រង់គុម្ពត្រចៀកខាងឆ្វេង បណ្តាលឲ្យប្រកាច់បែកពពុះមាត់ ត្រូវបានអ្នកជិតខាងបញ្ជូនទៅពេទ្យគ្លីនិចឯកជនភូមិព្រែកក្តី ពេលមកដល់គ្លីនិច ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំចុះពិនិត្យសពឃើញថា ៖ សពមានស្លាកស្នាម រលាត់ជាំចំនួន០១កន្លែងប្រវែង ២សង់ទីម៉ែត្រ ត្រង់ចំណុចគុម្ពត្រចៀកខាងឆ្វេង។
បន្ទាប់មកកម្លាំង បានស្រាវជ្រាវនាំខ្លួនជនសង្ស័យទាំងបួន នាក់មកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់