ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីម្នាក់រួមដំណើរដោយក្មេងស្រីម្នាក់ទៀត បានជិះកង់ឌុបគ្នាឆ្លងផ្លូវ មិនប្រយ័ត្នក៏ត្រូវម៉ូតូបុកបាក់ជើងម្ខាង កាលវេលាម៉ោង៨ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចមុខរោងចក្រជូស៊ីង ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ស្ត្រីរងគ្រោះឈ្មោះ ញ៉ែម ថាវី អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជិះកង់ឌុបក្មួយស្រីអាយុ១០ឆ្នាំ។
ចំណែកបុរសអ្នកជិះម៉ូតូឈ្មោះ ផល សុភ័ណ្ឌ អាយុ ៣៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1B 7271 ឌុបប្រពន្ធមានផ្ទៃពោះ៦ខែម្នាក់ និងកូនតូចៗ២នាក់ទៀតពីក្រោយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ដោយឌុបប្រពន្ធមានផ្ទៃពោះ៦ខែម្នាក់ និងកូនតូច២នាក់ទៀត ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៦ មកដល់ចំណុចកើតហេតុ ស្រាប់តែមានស្ត្រីវ័យចំណាស់ម្នាក់ ជិះកង់ឌុបក្មួយស្រីអាយុ ១០ឆ្នាំ ឆ្លងផ្លូវជាតិលេខ៦ ពីកើតទៅលិច មិនប្រ័យត្ន ក៏ត្រូវម៉ូតូបុក បណ្តាលឲ្យរងរបួសបាក់ជើង ខណៈអ្នកផ្សេងទៀតរបួសស្រាលប៉ុណ្ណោះ។
ក្រោយពេលកើតហេតុស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត្រ ចំណែកម៉ូតូ និងកង់ត្រូវបានយកមកប៉ុស្តិ៍ព្រែកលៀប ដើម្បីរងចាំដោះស្រាយបន្ត៕
មតិយោបល់