ព័ត៌មានជាតិ

លុចស៊ីស RX330 ស្លាកលេខភ្នំពេញ 2AN-9931 ក្ដៅស្អុះចុះត្រាំទឹក

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយយុវជន ២នាក់ បើករថយន្តលុចស៊ីស RX330 មួយគ្រឿង ធ្លាក់ទឹកប្រឡាយ នៅវេលាម៉ោងប្រមាណ៩ និង៣០នាទី ថ្ងៃទី៧ ខែកុម្ភ: នេះ ត្រង់ចំណុចខាងកើតវត្តខ្ជាយ ក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តលុចស៊ីស RX330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9931 ធ្វើដំណើរពីត្បូងទៅជើង ដោយមានរថយន្តរបស់សមត្ថកិច្ចដេញតាមពីក្រោយ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយទទួលបានបណ្តឹង ពីឪពុករបស់យុវជនខាងលើ ដែលបានលួចយករថយន្តជិះនោះ សមត្ថកិច្ចបានចេញស្ទាក់ នៅលើផ្លូវជាតិលេខ១ ហើយក៏បានជួបប្រទះរថយន្តខាងលើ ទើបធ្វើការដេញតាម លុះដល់ចំណុចក្លោងទ្វារវត្តខ្ជាយ យុវជនខាងលើបត់ស្តាំ សំដៅទៅទិសខាងជើង ក្នុងស្ថានភាពផ្លូវកោង ដោយរថយន្តបើកលឿនពេក ក៏ជ្រុលចង្កូតធ្លាក់ប្រឡាយទឹកតែម្តង។

ក្រោយកើតហេតុយុវជនទាំង២នាក់ បានបើកទ្វាររថយន្តរត់ចេញទៅវត្ត តែត្រូវពលរដ្ឋដេញចាប់បាន រួចក៏ប្រគល់ជូនសមត្ថកិច្ច។ ចំណែករថយន្តដែលធ្លាក់ទឹកប្រទ្បាយនោះ ត្រូវបានសមត្ថកិច្ច យករថយន្តស្ទូចមកអូស យកទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី៕

មតិយោបល់