ភ្នំពេញៈ ស្ត្រីម្នាក់ទ្រាំលែងបាន ក្រោយពីប្តីប្រើហិង្សាមកលើខ្លួន និងកូនញឹកញាប់ពេក ហើយឲ្យតែចង់បានលុយម្ដងៗ ត្រូវសុំពីប្តីដូចអ្នកសុំទាន។
ស្ត្រីខាងលើមានឈ្មោះ ញ៉េង ផល្លាងអាយុ៣០ឆ្នាំ ចំណែកបុរស ជាប្តីឈ្មោះ ស៊ីម ឃាង អាយុ៣៧ឆ្នាំ មុខរបរកសិករ អ្នកទាំងពីរមានលំនៅអចិន្ត្រៃ ជាមួយគ្នាភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយប្រពន្ធធ្វើជាកម្មការិនីរោងចក្រ ចំណែកប្តីជាជាងផ្សាដែក។
តាមសម្ដីពីស្ត្រីជាប្រពន្ធ បានរាបរាប់ឲ្យដឹងថា គាត់និងប្តី បានរៀបអាពាហ៍ពិពាហ៍តាមច្បាប់ត្រឹមត្រូវ កាលពីឆ្នាំ២០១១ រយៈពេលជិត៨ឆ្នាំ ដោយរស់នៅជាមួយគ្នាកន្លងមក មិនសូវជាមានសុភមង្គលឡើយ គឺប្តីតែងតែរករឿង និងប្រើហិង្សាមកលើគាត់ និងកូនៗ មិនថាស្រវឹង ឬមិនស្រវឹងទេ ឲ្យតែគាត់ខឹងប្រាកដជាប្រើហិង្សាក្នុងគ្រួសារហើយ។
ទើបគាត់បង្ខំចិត្តមកយកកូន ពីភ្នំពេញទៅស្រុក តែដោយខ្លាចប្តីប្រើហិង្សាមកលើខ្លួនទៀត នៅរសៀលថ្ងៃទី៧ខែ កុម្ភៈ ឆ្នាំ២០១៩នេះ គាត់ រួមទាំងម្តាយ និងបងប្អូនប្រុស២នាក់ទៀត ក៏បានចូលមកប៉ុស្តិ៍ទួលសង្កែទី១ សុំឲ្យសមត្ថកិច្ចជូនទៅយកកូនៗ ពីកន្លែងស្នាក់នៅរបស់ប្តីត្រឡប់ទៅស្រុកវិញ៕
មតិយោបល់