ភ្នំពេញៈ ករណីហិង្សាមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងប្រជាពលរដ្ឋនៅកំណាត់ផ្លូវលេខ៦១៤ ដោយ
ក្រុមក្មេងស្ទាវមានគ្នាជិត២០ម៉ូតូ ដេញកាប់យុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ICON បណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ កើតមានឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចជិតសណ្ឋាគារស្រែលាភ ស្ថិតនៅសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ បានជិះម៉ូតូម៉ាក Honda ICON ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1AR-5338 បានរងរបួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយរថយន្តគ្លីនិចឯកជនមួយ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នាតាមបណ្ដោយផ្លូវបេតុង មកដល់ចំណុចខាងលើ ក៏ជួបក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូជិត២០គ្រឿង ប្រដាប់ដោយកាំបិត និងដាវសាម៉ូរ៉ៃ នាំគ្នាដេញកាប់យុវជនទាំង៣នាក់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ដោយឮសំទ្បេងស្រែកឲ្យជួយ ទើបមានអ្នកភូមិចេញមកមើល ឃើញមានឈាមដាបទាំងថ្លុក នៅកន្លែងម៉ូតូជនរងគ្រោះ និងស្នាមឈាមពេញកន្លែងកើតហេតុ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍ និងទាក់ទងរករថយន្តសង្គ្រោះបន្ទាន់ ឲ្យមកយកជនរងគ្រោះទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែង ហើយសាកសួរប្រជាពលរដ្ឋ ដើម្បីធ្វើកំណត់ហេតុទុក រួចយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្ន រងចាំភាគីខាងរងគ្រោះ យកឯកសារមកបញ្ជាក់ ហើយប្រគល់ជូនវិញ។
បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរកបក្ខពួកក្រុមជនដៃដល់ ទាំងនោះ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕
មតិយោបល់