ភ្នំពេញៈ នៅល្ងាចថ្ងៃសុក្រទី២ កញ្ញា នេះ តារាសម្ដែងល្បីៗក្នុងរឿងចំនួន២គឺ«សង្គ្រាមបេះដូង» និងរឿង «ម្ទេសហិរប៉ះអំបិលប្រៃ»ដែលជារឿងវិនិយោគដោយទូរទស្សន៍ PNN ត្រូវបានប្រកាសថា នឹងចុះទៅស្វាគមន៍អ្នកគាំទ្រដោយផ្ទាល់នៅផ្សារទំនើបអ៊ីអន។ នេះជាយុទ្ធនាការថ្មីមួយដែលគេកម្រឃើញផលិតករភាពយន្តភាគនៅលើកញ្ចក់ទូរទស្សន៍នានាធ្វើឡើង ខណៈដែលពេលកន្លងគេឃើញយុទ្ធនាការនេះច្រើនតែកើតមានឡើងចំពោះភាពយន្តបរទេសដែលនាំមកបញ្ចាំងនៅកម្ពុជា ដើម្បីផ្សព្វផ្សាយរឿងថ្មីមុនចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។
ផលិតករភាពយន្តបានអះអាងថា ដោយសារតែរឿង«ម្ទេសហិរប៉ះអំបិលប្រៃ» គ្រោងនឹងចាក់ផ្សាយផ្លូវការចាប់ពីថ្ងៃច័ន្ទទី៥កញ្ញា និងរឿង«សង្គ្រាមបេះដូង»ក៏គ្រោងចាក់ផ្សាយពីថ្ងៃព្រហស្បតិ៍ទី៨ កញ្ញាតទៅ ទើបស្ថានីយទូរទស្សន៍ PNN បានរួមសហការជាមួយម្ចាស់ផលិតកម្ម ដឹកនាំតួសម្ដែងទាំងអស់នៅក្នុងរឿងទាំង២ឲ្យចុះជួបផ្ទាល់ជាមួយមហាជននៅផ្សារទំនើបអ៊ីអននៅល្ងាចថ្ងៃសុក្រស្អែកវេលាម៉ោង៥ល្ងាច។ តារាទាំងនោះរួមមាន លោក អេវីន កញ្ញា តូតា អ្នកនាង គ្រត លោក ជា សំណាង ដែលពួកគេសុទ្ធតែជាតួសំខាន់ក្នុងរឿង«ម្ទេសហឹរប៉ះអំបិលប្រៃ»របស់ផលិតកម្ម LD និងលោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា អ្នកស្រី ង៉ែត សុវណ្ណលីតា កញ្ញា ឃីង សុរិយា និងតារាល្បីៗជាច្រើនផ្សេងទៀត ដែលជាតួអង្គសំខាន់ក្នុងរឿង«សង្គ្រាមបេះដូង»។ តារាទាំងនេះ នឹងឈររេ រ៉ ឲ្យអ្នកគាំទ្រនៅផ្សារទំនើបអ៊ីអនបានថតរូបជាមួយ និងបង្ហាញភាពស្និទ្ធិស្នាលជាមួយ។ នេះជាដំណឹងដែលមានអ្នកគាំទ្រតារាជាច្រើនសប្បាយចិត្ត ដោយសារតែអ្នកគាំទ្រភាគច្រើនរមែងស្កាត់ចុះទៅជួបតារាដោយផ្ទាល់ គ្រប់ពេលមានការប្រកាសថានឹងមានតារាល្បីៗបង្ហាញខ្លួនឲ្យថតរូបជាមួយជាសាធារណៈបែបនេះ។
លោក Glen Felgate នាយកប្រតិបត្តិទូរទស្សន៍ភីអិនអិននិយាយថា ក្រោមការវិនិយោគទឹកប្រាក់សន្ធឹកសន្ធាប់ ទើបភីអិនអិនសម្រេចចិត្តចំណាយប្រាក់រៀបចំឲ្យតារាល្បីៗបានចុះទៅជួបអ្នកគាំទ្រដោយផ្ទាល់បន្ថែមទៀត មុនការដាក់បញ្ចាំងរឿងភាគខ្មែរបើកឆាកជាផ្លូវការ។ លោកថាព្រឹត្តិការណ៍នៅផ្សារទំនើបអ៊ីអននេះ មិនគ្រាន់តែដើម្បីផ្សព្វផ្សាយរឿងថ្មីដែលត្រៀមចាក់ផ្សាយនៅភីអ៊ិនអ៊ិនប៉ុណ្ណោះទេ តែក៏ជាការផ្ដល់ឱកាសឲ្យតារាខ្មែរ និងអ្នកគាំទ្របានជិតស្និទ្ធិគ្នា និងជាការផ្ដល់តម្លៃដល់តារាសម្ដែងឲ្យមានកិត្តិយសមុនការបញ្ចាំងរឿងផងដែរ។ លោកថាខ្សែរឿង«ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង» ជារឿងបើកឆាករបស់ស្ថាប័នលោកសម្រាប់ម៉ោងមាស ហើយមកពីរឿងទាំងពីរត្រូវបានផលិតឡើងដោយមានលក្ខណៈប្រកួតប្រជែងមិនខុសពីរឿងភាគរបស់ប្រទេសជិតខាង ទើបទាំងផលិតករ និង PNN សម្រេចរៀបចំតារាល្បីៗនៅក្នុងសាច់រឿង ឲ្យជួបអ្នកគាំទ្រនៅផ្សារទំនើបអ៊ីអន នាល្ងាចថ្ងៃសុក្រស្អែក៕
មតិយោបល់