ព័ត៌មានជាតិ

Update៖ ប៉េអឹមផ្ទៃប្រទេសម្នាក់ មានវិបត្តគ្រួសារធ្ងន់ធ្ងរ មកលោតទឹកសម្លាប់ខ្លួន តែមិនសម្រេចទេ

ភ្នំពេញៈ​ មន្ត្រីប៉េអឹមលើផ្ទៃប្រទេសម្នាក់ ដោយសារមានវិបត្តិគ្រួសារ បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារលិចបាត់ ទៅក្នុងទឹកពេលអណ្តែតមកវិញ ភ្លាមត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះ បង្ករភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៣និង១០នាទី រសៀលទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជាចិន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ សុខ គន្ធារ៉ាអាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥០៤ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា ខ្លួនមានវិបត្តក្នុងគ្រួសារធ្ងន់ធ្ងរ ដោះស្រាយមិនចេញ ហើយមុនពេលកើតហេតុ បានឈ្លោះគ្នាជាមួយប្រពន្ធខ្លួន ក៏ជិះម៉ូតូកង់បីឥណ្ឌាមកកាន់ស្ពានជ្រោយចង្វារ ដើម្បីលោតទឹកសម្លាប់ខ្លួនតែម្ដង។

យ៉ាណាមិញបុរសជាមន្ត្រីប៉េអឹមខាងលើ មិនបានបង្ហើបឲ្យដឹងពីវិបត្ត ក្នុងគ្រួសារយ៉ាងណានោះទេ ដោយគ្រាន់តែអះអាងថា មានវិបត្តធ្ងន់ធ្ងរមិនអាចដោះស្រាយចេញ ទើបសម្រេចមកលោតទឹកបែបនេះទៅ។

តាមប្រភពព័ត៌មានពីបុរសនេសាទ ដែលបានជួយសង្គ្រោះបុរសខាងលើឲ្យដឹងថា នៅពេលដែលបុរសរងគ្រោះ បានលោតចុះមកក្នុងទន្លេរនោះ គាត់បានឃើញលិចទៅក្នុងទឹក ហើយអណ្តែតមកវិញ ទើបគាត់ក៏ចេញទូកជាមួយកូន ទៅជួយស្រង់ជនរងគ្រោះមកលើគោក ដើម្បីជួយសង្គ្រោះ។

ក្រោយកើតហេតុជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចការពារគោលដៅស្ពានសាកសួរ និងណែនាំថ្ងៃក្រោយ កុំឲ្យគិតខ្លីបែបនេះទៀត រួចឲ្យក្រុមគ្រួសារមកដល់នាំយកទៅផ្ទះវិញ៕

មតិយោបល់