ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី២ សំណុំពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជួយជំរុញឲ្យលោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឲ្យមានការចុះល្បាតជារៀងរាល់យប់ផង ព្រោះនៅម្ដុំចំណុចស្ពានស្ទឹងមានជ័យ សម្បូរទៅដោយចោរឆក់ ស្ទាក់វ៉ៃអ្នកជិះម៉ូតូតាមផ្លូវ។
ប្រជាពលរដ្ឋមិនសូវឃើញមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ល្បាតយប់ជ្រៅនោះទេ ឃើញតែក្បាលព្រលប់ សង្ស័យតែលោកមេប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ជាប់រវល់ការងារជាច្រើន ភ្លេចឲ្យមន្ត្រីក្រោមឱវាទ ចុះល្បាតមូលដ្ឋាន។
ជាក់ស្ដែងកាលពីមិញ មានករណីជនសង្ស័យ ធ្វើសកម្មភាពយកដុំថ្ម គប់ប្រជាពលរដ្ឋ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ នៅវេលាម៉ោង ១ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ តែសំណាងហើយ មិនបង្កឲ្យមានអ្នករងរបួសនោះទេ ដោយសារគប់ត្រូវមួកសុវត្ថិភាព ហើយត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានអាយុ ១៧ឆ្នាំ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានលោកមេប៉ុស្តិ៍ទំបន់ទឹក ទូរស័ព្ទទៅដែនសមត្ថកិច្ចខណ្ឌមានជ័យ ឲ្យមកទទួលយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ។
ចំណែកជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់