ភ្នំពេញៈ ករណីគ្រោះអគ្គិភ័យមួយ បានឆាបឆេះរោងចក្រផលិតម្ជុលមួយកន្លែង មានឈ្មោះ (មកូដុ ) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកំបូល ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ អស់ស្ទើរទាំងស្រុង កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រោងចក្រកើតហេតុខាងលើនេះ មិនមានកម្មករធ្វើការនោះទេ ដោយកម្មករធ្វើការតែវេនថ្ងៃប៉ុណ្ណោះ ហើយពេលកើតហេតុ គេឃើញមានផ្សែងហុយ រួមជាមួយអណ្ដាតភ្លើងឆេះ ឡើងយ៉ាងសន្ធោសន្ធៅតែម្ដង ទើបភ្លាមនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើង។
ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង ដោយប្រើទឹកអស់ជាច្រើនឡាន និងប្រើរយៈពេលជាង៤ម៉ោង ទើបអាចគ្រប់គ្រង់ស្ថានការណ៍ ហើយករណីនេះ មិនបង្កឲ្យមនុស្សរងរបួសនោះឡើយ។
សម្ភារៈក្នុងរោងចក្រ គឺត្រូវបានអគ្គិភ័យលេបត្របាក់ អស់ស្ទើរទាំងស្រុង។ ចំណែកមូលហេតុ៖ សមត្ថកិច្ចមិនទាន់បញ្ចាក់ឲ្យដឹងនោះទេ៕
មតិយោបល់