ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា នៅស្រុកមុខកំពូល ស្លាប់ និងរបួស ៤នាក់

កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស៣នាក់ កាលពីវេម៉ោង ១០និង១៥នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ម៉ូតូបង្កម៉ាក ស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ មឿន យ៉ារ៉ែន (ហៅអ៊ួក) ភេទប្រុស អាយុ៣០ឆ្នាំ (រងរបួសធ្ងន់) និងរួមដំណើរម្នាក់ឈ្មោះ ហូយ ហាក់ ភេទប្រុស អាយុ៥៦ឆ្នាំ (ស្លាប់បាត់បង់ជីវិត)។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ចំណែកភាគីម៉ូតូម្ខាងទៀត ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-3626 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (របួសធ្ងន់សន្លប់បាត់ស្មារតី) និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ សុក ចាន់ធី ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិកោះចូរាម ឃុំកោះចូរាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់)។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ធ្វើដំណើរយ៉ាងលឿនពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៦ មកដល់ចំណុចកើតហេតុ ម៉ូតូបង្កខាងលើ បានជ្រុលចង្កូតមកបុកម៉ូតូហុងដាវ៉េវ ចំពីមុខពេញមួយទំហឹង ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ហូយ ហាក់ ជាអ្នករួមដំណើរលើម៉ូតូស៊ុយហ្ស៊ូគីវីវ៉ា ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ រីឯជនរងគ្រោះ៣នាក់ ជាអ្នកបើកបរម៉ូតូទាំងសង្ខាងរងរបួសធ្ងន់ ។

ក្រោយពីមានហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ស្រុក ចុះមកអន្ដរាគមន៍ ធ្វើការវាស់វែង និងកសាងសំណុំរឿង ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់