ព័ត៌មានជាតិ

ក្មេងប្រុសអាយុ​ ៦ឆ្នាំស្លាប់​ភ្លាមៗអ៊ុំស្រីរងរបួសធ្ងន់ខណៈជិះម៉ូតូឆ្លងផ្លូវ​ ត្រូវរថយន្តសាំយ៉ុងវ៉ាកុងទុន័របុកពេញទំហឹងខ្ទាតមនុស្សជាង២០និងម៉ូតូជាង៣០ម៉ែត្រ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានបង្កឡើងដោយរថយន្តសាំយ៉ុងដឹកអ្នកដំណើរ​ មួយគ្រឿង​ បានបើកក្នុងល្បឿនយ៉ាងលឿន​ ក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូ​ មួយគ្រឿង ដែលជិះគ្នា​ ២នាក់អ៊ុស្រី​ និងក្មួយប្រុស បណ្តាលឲ្យក្មួយប្រុសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ​ ចំណែកឯអ៊ុំស្រីបានរងរបួសធ្ងន់​ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​ ៤និង៣០នាទីរសៀល ថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥​ ជិតរោងចក្រ​ម្សៅមី​ ម៉ែន​ សារុន​ ក្នុងភូមិឌួង​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

អ្នកបើករថយន្តបង្កមានឈ្មោះ​ រ៉ា​ សោភ័ណ្ឌ​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​ បើកបររថយន្ត​ ស្នាក់នៅភូមិរំលេច​ ឃុំរំលេច​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។ ចំណែកឯជនរងគ្រោះទាំង​ ២នាក់ខាងលើទី១-ឈ្មោះ​ នៅ​ សុភាព​ ភេទស្រី​ អាយុ​ ៤៥ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ និងទី២-ឈ្មោះ​ សុខ​ ឡុង​ ភេទប្រុស​ អាយុ​ ៦ឆ្នាំ​ បច្ចុប្បន្នអ្នកទាំង​ ២នាក់​ ស្នាក់នៅភូមិឌួង​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះទាំង​ ២នាក់​ បានជិះម៉ូតូមួយគ្រឿងម៉ាកហុនដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FV 3954ចេញពីផ្ទះបងប្អូននៅក្នុងសង្កាត់ស្វាយប៉ាក​ ក្នុងគោលបំណងត្រឡាប់មកផ្ទះវិញ​ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥​ ក្នុងទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុខាងលើ​ ម៉ូតូរងគ្រោះបានបត់ឆ្វេងឆ្លងផ្លូវ​ពីមុខរថយន្តកុងទុន័រមួយគ្រឿង​ផុតពីមុខរថយន្ត​កុងទុន័រស្របពេលនោះ​ ក៏មានរថយន្តសាំយ៉ុង​ មួយគ្រឿង​ ពណ៌លឿន​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AP-5489​ បានបើកមកពីក្រោយរថយន្តកុងទុន័រទិសដៅពីត្បូងទៅជើង​ក្នុងល្បឿនយ៉ាងលឿនដូចហោះ​ រួចក៏បានបើកវ៉ាពីខាងឆ្វេងរថយន្តកុងទុន័រក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹង​អូសម៉ូតូចម្ងាយជាង​ ៣០ម៉ែត្រ​ និងមនុស្សជាង២០ម៉ែត្របណ្តាលឲ្យបោកក្បាលក្មេងប្រុសអាយុ៦ឆ្នាំទៅផ្ទប់ផ្ទាំងកញ្ចក់រថយន្តខាងមុខយ៉ាងពេញទំហឹង​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ចំណែកអ៊ុំស្រីដែលជាអ្នកបើកម៉ូតូបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រោយកើតហេតុ​ ម្ចាស់រថយន្តបង្ក​ បានបើកទ្វាររថយន្តក្នុងគោលបំណងរត់គេចពីកន្លែងកើតហេតុ​ តែត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗ​ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​។ បន្ទាប់មក​ កម្លាំងសមត្ថកិច្ចជំនាញ​ បានចុះមកធ្វើការវាស់វែងយករថយន្ត​បង្ក​ និងអ្នកបើកបរ​ ព្រមទាំងម៉ូតូរងគ្រោះ​ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់