រុស្ស៊ី៖ យានអវកាស Soyuz ដែលដឹកអវកាសយានិកម្នាក់ និងផលិតករខ្សែភាពយន្តរុស្ស៊ី ២នាក់បានវិលត្រឡប់មកកាន់ភពផែនដីវិញ បន្ទាប់ពីចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីព្រឹកថ្ងៃអាទិត្យ។
យានអវកាសនេះបានចុះចតនៅលើតំបន់ក្នុងប្រទេសកាហ្សាក់ស្ថាន ដែលផ្ទុកតារាសម្ដែងជនជាតិរុស្ស៊ីនាង Yulia Peresild និងអ្នកដឹកនាំរឿងលោក Klim Shipenko ដែលបានវិលត្រឡប់មកភពផែនដីវិញ បន្ទាប់ពីថតឈុតឆាកសម្រាប់ខ្សែភាពយន្តដំបូងរបស់ពិភពលោកក្នុងគន្លងគោចរ ជាគម្រោងដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជួយសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញក្នុងវិស័យអវកាសរបស់ប្រទេសនេះ។ តារាភាពយន្តនាង Peresild និងលោក Shipenko បានហោះចូលគន្លងគោចរក្នុងយានអវកាស Soyuz របស់រុស្ស៊ីកាលពីថ្ងៃទី៥ ខែតុលាសម្រាប់រយៈពេល ១២ថ្ងៃនៅលើស្ថានីយអវកាសដើម្បីថតផ្នែកខ្លះនៃខ្សែភាពយន្តដែលមានចំណងជើងថា “Challenge” ដែលតួអង្គគ្រូពេទ្យជំនាញវះកាត់សម្ដែងដោយនាង Peresild ត្រូវប្រញាប់ឡើងទៅកាន់ស្ថានីយអវកាសដើម្បីជួយសង្គ្រោះសមាជិកអវកាសយានិកម្នាក់ ដែលត្រូវការការវះកាត់បន្ទាន់នៅក្នុងគន្លងតារាវិថីនោះ។
អ្នកទាំងពីរបានវិលត្រឡប់មកកាន់ភពផែនដីវិញកាលពីថ្ងៃអាទិត្យ ជាមួយអវកាសយានិករុស្ស៊ីម្នាក់ទៀតគឺលោក Oleg Novitskiy ដែលបានចូលរួមសម្ដែងជាតួអង្គអវកាសយានិកមានជំងឺនៅក្នុងខ្សែភាពយន្តនេះ៕
មតិយោបល់