ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់៖ ក្មេង​ទំនើង​ជាច្រើននាក់​ បើក​ឆាក​ប្រយុទ្ធ​គ្នា ផ្អើលនៅខណ្ឌសែនសុខ

ភ្នំពេញៈ ក្មេង​ទំនើង​ពីរ​ក្រុម ​បាន​បើក​ឆាក​ប្រយុទ្ធ​គ្នាតាម​ដង​ផ្លូវ​ ប្រដាប់​ដោយ​ដំបង​ ដុំថ្ម​ និង​ខ្សែ​ក្រវាត់​ បណ្តាល​រងរបួស​បែក​ក្បាល​ចំនួន​៣នាក់ ​រួចក៏ត្រូវ​សមត្ថកិច្ច ​ចុះ​ទៅ​អន្តរាគមន៍​ចាប់ឃាត់​ខ្លួន​បាន​ចំនួន​៧នាក់​ និងដកហូត​ម៉ូតូ​ប្រាំ​គ្រឿង​ កាល​ពី​វេលាម៉ោង​១២ ​និង១០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ទល់​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ តូតាល់​ តាមបណ្តោយផ្លូវ​២០០៤​ ស្ថិត​ក្នុង​សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន ​បាន​រៀប​រាប់ឲ្យដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ គឺមាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ប្រាប់​ថា​ មាន​ក្មេង​ទំនើង​ពីរ​ក្រុម ​ដោយ​មួយ​ក្រុមមានគ្នាជិត​១០នាក់​ ដែលដៃប្រដាប់ដោយ​ដំបង​ ដុំថ្ម​និង​ខ្សែ​ក្រវាត់​ បាន​កំពុង​តែ​ដេញ​វាយ​តប់​គ្នា​ នៅត្រង់​ចំណុច​កើត​ហេតុ​ខាងលើ។ ​ភ្លាមៗ​នោះ​ កម្លាំង​សមត្ថកិច្ច​ក៏​ចុះទៅ​ធ្វើការ​អន្តរាគមន៍​ ចាប់ឃាត់​ខ្លួន​បាន​ក្មេង​ទំនើង​ខាងលើចំនួន​៧នាក់​ ដែល​៣នាក់បានរងរបួសបែកក្បាល​ឈាម​ហូរស្រោចខ្លួន​ និងដកហូត​បាន​ម៉ូតូប្រភេទ​ម៉ូតូ​ធំ​ ចំនួន៥គ្រឿង​ ដោយឡែក​បក្ខពួក​ប៉ុន្មាន​នាក់​ទៀត ​បានជិះម៉ូតូ​រត់​គេចខ្លួន​បាត់​សម្រោល​ ខណៈ​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់​។

ក្រោយ​ពេល​កើត​ក្រុម​ក្មេង​ទំនើង​ទាំង៧នាក់ខាងលើ ​រួម​ទាំង​វត្ថុ​តាង​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាក​សួរ​នាំ​និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ចាត់ការជា​បន្ត​​៕​

មតិយោបល់