កំពតៈ ក្រោយមានការរិះគន់មិនសមស្រប តាមបណ្តាញសង្គមជុំវិញការមិនឃាត់ខ្លួន ម្ចាស់រថយន្តម្នាក់ដែលរងការចោទប្រកាន់ថា បង្កឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ លើដងផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) បានប្រញាប់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការបកស្រាយបំភ្លឺ ។
សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត មានដូចតទៅនេះ៖ «ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខ្ញុំសូមធ្វើការបំភ្លឺដល់បងប្អូនសាធារណៈជន និងក្រុមគ្រួសាររបស់ប្អូនជនរងគ្រោះមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ២រសៀល មាន ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តលើដងផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) ស្របទិសគ្នា នៅក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានចុះពិនិត្យ វាស់វែង និងសាកសួរព័ត៌មាននៅកន្លែងកើតហេតុ ព្រមទាំងយកវត្ថុតាងទាំងពីរមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះតូច។ ក្រោយពីបានពិនិត្យវាស់វែង និងប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយ យើងសន្និដ្ឋានបានថា ករណីគ្រោះថ្នាក់នេះ គឺបណ្តាលមកពីម៉ូតូបើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តដែលបានបត់ចូលទៅផ្លូវរមណីយដ្ឋានណាតាយ៉ាទាំងកម្រោល នៅលើជាយផ្លូវផ្ទុយ ទិសគ្នា ប៉ះត្រង់ទ្វារមុខប៉ែកខាងឆ្វេងរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ ។
ផ្អែកតាមកំណត់ហេតុវាស់វែង ករណីនេះ គឺបង្កឡើងដោយអ្នកបើកម៉ូតូបើកបរខ្ជីខ្ជា បើកបរក្នុងល្បឿនលឿន ។ ដោយឡែក ក្នុងករណីដែលសមត្ថកិច្ច អនុញ្ញាតឲ្យភាគីរថយន្តត្រឡប់ទៅវិញ ដោយសារ រថយន្តមិនមានកំហុស ក្នុងការបើកបរ មានអ្នកធានាក្នុងការទទួលខុសត្រូវ ក្នុងការចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ហើយក្នុងករណីនេះដែរ គឺមិនបណ្តាលឲ្យបាត់បង់អាយុជីវិតរបស់អ្នកបើកម៉ូតូនោះដែរ ហេតុដូច្នេះ សមត្ថកិច្ចបានអនុញ្ញាតឲ្យ ភាគីខាងរថយន្តយករថយន្តទៅជួសជុលប្រើប្រាស់បណ្តោះអាសន្នសិន ទម្រាំហៅចូលដោះស្រាយនៅពេលក្រោយ៕
មតិយោបល់