ផ្ទះ ព័ត៌មានជាតិ បំពេញបំណងគូអន...

បំពេញបំណងគូអនាគត សុខចិត្តលួចដើម្បីជួយសម្រាលថ្លៃបណ្តាការ

0

កណ្តាល: នារីស្រស់ស្អាតម្នាក់ បានបង្ខំចិត្តលួចទ្រព្យសម្បត្តិអ្នកដទៃ ដោយសារស្រលាញ់គូអនាគតគ្មានបណ្តាការគ្រប់គ្រាន់សំរាប់រៀបការជាមួយខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ផ្ទះលក់ផ្លាកទីនរបស់ឈ្មោះ ស សុភី ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្កណ្ដាល។

លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យស្រស់ស្អាតមានឈ្មោះសាន លាងហ៊ី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។ រីឯជនរងគ្រោះឈ្មោះ ស សុភី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។មុខរបរ អាជីវករលក់ផ្លាកទីន។

សម្ភារ:វត្ថុតាងចាប់យក រួមមាន លោហធាតុពណ៌លឿង (ខ្សែកផ្លាកទីន ទម្ងន់ ១ជី ៦ហ៊ុន ៤លី) ចំនួន ០១ខ្សែ លោហ:ធាតុពណ៌លឿង (ខ្សែដៃផ្លាកទីន ទម្ងន់១ជី ៨ហ៊ុន ៨លី)ចំនួន ០១ខ្សែ ម៉ូតូម៉ាកHonda Scopy i ពណ៌ស គ្មានស្លាកលេខ ចំនួន ០១គ្រឿង ទូរស័ព្ទដៃម៉ាកអិនចុចពិល ចំនួន ០១គ្រឿង ប្រាក់រៀលចំនួន ៦.៥០០រៀល កាបូបដៃចំនួន ០១ ។

លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូរបស់ខ្លួនម៉ាកHonda Scopy i មួយគ្រឿងតែម្នាក់ឯងឆ្ពោះទៅផ្សារកោះធំ។ មកដល់ផ្ទះលក់គ្រឿងអលង្ការរបស់ជនរងគ្រោះភ្លាម ជនសង្ស័យបានចូលទៅក្លែងធ្វើជាទិញយកគ្រឿងអលង្ការ មានខ្សែកផ្លាកទីន ០១ខ្សែ និងខ្សែដៃផ្លាកទីន ០១ខ្សែ ដោយខ្លួនគ្មានប្រាក់នោះទេ។

ជងរងគ្រោះបានបំពាក់ខ្សែក និងខ្សែដៃដល់ជនសង្ស័យ រួចទារយកប្រាក់ថ្លៃគ្រឿងអលង្ការនោះ តែជនសង្ស័យថាប្រាក់របស់ខ្លួនទុកក្នុងកែបម៉ូតូ ហើយក៏ដើរសំដៅទៅធ្វើជាចាក់កែបម៉ូតូ រួចបញ្ឆេះម៉ូតូរៀបនិងជិះគេចចេញទៅ ក៏ត្រូវជនរងគ្រោះស្រែកឲ្យអ្នកនៅក្បែរនោះជួយចាប់។ ជនសង្ស័យត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យនគរបាល។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ សាន លាងហ៊ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកខ្សែកផ្លាកទីន ០១ខ្សែ និងខ្សែដៃផ្លាកទីន ០១ខ្សែ របស់ជនរងគ្រោះប្រាកដមែន។ ជនសង្ស័យរូបនេះបន្តទៀតថារូបខ្លួនពុំធ្លាប់លួចពីមុនមកទេ តែដោយខ្លួនត្រូវការប្រាក់ដើម្បីយកទៅឲ្យម្ដាយរបស់គូដណ្ដឹងខ្លួនដើម្បីជួយសម្រាលថ្លៃបណ្ដាការ ទើបសម្រេចចិត្តលួចយកគ្រឿងអលង្ការរបស់គេតែម្ដង។ ចំពោះខ្សែក និងខ្សែដៃផ្លាកទីន ត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយ ក្រោយពីនគរបាលបានសាកសួររួចរាល់៕

photo_2016-11-05_20-11-48

photo_2016-11-05_20-11-51

photo_2016-11-05_20-11-57

photo_2016-11-05_20-11-59

photo_2016-11-05_20-12-01

photo_2016-11-05_20-12-03

photo_2016-11-05_20-12-05

photo_2016-11-05_20-12-07

Loading...