ព័ត៌មានជាតិ

មិនគួរគិតខ្លីចឹងទេ! នារីវ័យក្មេងម្នាក់តូចចិត្តម្តាយមីងស្តីបន្ទោសរឿងដើរលេងដាច់យប់បន្តិចបន្តួចមកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញៈ នារីវ័យក្មេងម្នាក់បានវិចបង្វិចមកឈររេរាលើស្ពានជ្រោយចង្វារប៉ងលោត ទឹកជាលើកទី២ប៉ុន្តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ទាន់ យកមកសួរនាំហើយបានឲ្យដឹងថាដោយសារម្តាយមីងស្តីបន្ទោសរឿង ដើរលេងដាច់យប់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង៥០នាទីរសៀលថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

នារីរងគ្រោះមានឈ្មោះ សួស​ ស្រីម៉ៅ អាយុ ១៧ឆ្នាំរស់នៅផ្ទះជួលជាមួយម្តាយមីងនៅមុខហាងកាដូភូមិគៀន ឃ្លាំងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅភូមិត្នោត ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត ។

បើតាមសមត្ថកិច្ចឲ្យដឹងថានារីរងគ្រោះដែលបានសម្រេចចិត្តលោតទឹកនោះកាលពីថ្ងៃទី១០ខែកុម្ភៈ២០១៩នាងបានមកលោតម្តងហើយវេលាម៉ោង ១១ និង ៣០នាទីប៉ុន្តែមិនបានសម្រេចក៏មានគេជួយទាន់ហើយអ្វីដែលប្លែកគឺថ្ងៃនេះនារីដដែលនោះបានមកម្តងទៀតដើម្បីប៉ុនប៉ងសម្លាប់ខ្លួនប៉ុន្តែត្រូវបានគេជួយទាន់ទៀត ។

មូលហេតុដែលនាំឲ្យនារីខាងលើគិតខ្លីដោយសារតែដើរលេងដាច់យប់ហើយត្រូវយកម្តាយមីងស្តីបន្ទោសឲ្យបន្តិចបន្តួចក៏សម្រេចចិត្តមកលោតទឹកតែម្ដង ។
សូមបញ្ជាក់ថានារីដែលប៉ុនប៉ងលោតទឹកមិនបានសម្រេចត្រូវម្តាយមីងយកទៅវិញដើម្បីអប់រំណែនាំ ៕

មតិយោបល់