ព្រៃវែងៈ បញ្ហាគ្រូពេទ្យជាចំណុចរសើបរបស់ប្រជាពលរដ្ឋទូទៅ ប្រសិនបើគ្រូពេទ្យមិនបានយកវិជ្ជាជីវៈរបស់ខ្លួនអនុវត្តឲ្យបានត្រឹមត្រូវទេនោះ ប្រជាពលរដ្ឋនឹងមានការប្រតិកម្ម ឬធ្វើការរិះគន់ ប៉ុន្តែប្រសិនបើគ្រូពេទ្យអនុវត្តទៅតាមក្រមសីលធម៌របស់ខ្លួននោះ ប្រជាពលរដ្ឋនឹងកោតសរសើរ។
ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលកន្លងទៅបានរំលេច រឿងគ្រូពេទ្យ ដោយបញ្ជាឲ្យមិនយកលុយមួយរយភាគរយពីអ្នកគ្រោះថ្នាក់ចរាចរណ៍នៅតាមខេត្ត ដោយការដឹកតាមរថយន្តសង្គ្រោះហើយនោះ គេសង្កេតឃើញថា គ្រូពេទ្យមួយចំនួនមិនថា រដ្ឋ ឬឯកជន តែងតែឆ្លៀតឱកាស។
ក្រោយពីមានការរិះគន់ទៅលើមណ្ឌលសុខភាពនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងហើយនោះ អាជ្ញាធរក៏បានប្រតិកម្មភ្លាមៗ តាមរយៈការកោះប្រជុំមន្រ្តីសុខាភិបាលនៅក្នុងស្រុកមួយនេះ និងតាមបណ្ដាលឲ្យស្រុកផ្សេងទៀតបូកទាំងពេទ្យឯកជនជាដើម។
លោក ឌុច គន្ធា អភិបាលស្រុកស្វាយអន្ទរ នៅព្រឹកថ្ងៃទី៤ តុលានេះ បានកោះប្រជុំមន្រ្តីសុខាភិបាលនៅក្នុងស្រុក ដើម្បីពង្រឹងទៅលើក្រមសីលធម៌ និងវិជ្ជាជីរៈរបស់ក្រុមគ្រូពេទ្យ ពីព្រោះកន្លងមក មានមន្រ្តីមួយចំនួនមិនបានយកតួនាទីរបស់ខ្លួនទៅបម្រើពលរដ្ឋពិតប្រាកដនោះទេ ពោលឆ្លៀតកេងចំណេញ នៅពេលដែលពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍។
តាមរយៈអង្គភាពសារព័ត៌មាន Post News ប្រជាពលរដ្ឋស្នើសុំឲ្យគ្រូពេទ្យទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈជាគ្រូពេទ្យពិតប្រាកដ មិនត្រូវគិតថា អ្នកមានបានមើល អ្នកក្រមិនមើលនោះទេ ពីព្រោះជីវិតមនុស្សមានតម្លៃដូចគ្នា៕
មតិយោបល់