ភ្នំពេញៈ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានអតីតមន្រ្តីនគរបាលខណ្ឌទួលគោកចូលនិវត្តន៍ម្នាក់ បាន ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីកូនស្រីបង្កើត ធ្វើបាបផ្លូវចិត្ត ផ្លូវកាយ ព្រោះរឿងជំពាក់លុយមិនសង ហើយជេរប្រមាថខ្លួនជាឪពុកទៀត ដែលកំពុងធ្លាក់ខ្លួនពិការ។
បុរសខាងលើឈ្មោះ ហ៊ុយ ប៉ាង អាយុ៧៥ឆ្នាំ ជាមន្រ្តីនគរបាលខណ្ឌទួលគោក ចូលនិវត្តន៍ មានទីលំនៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានប្រពន្ធ ឈ្មោះ ស៊ិន សផល អាយុ៦៣ឆ្នាំ រស់នៅសហរដ្ឋអាមេរិក រួមជាមួយកូន អ្នកទាំងពីរមានកូនចំនួន៥នាក់ ស្រីទាំងអស់ រស់នៅផ្សេងៗគ្នា តែសព្វថ្ងៃមានតែកូនស្រីទី៤ម្នាក់ នៅផ្ទះជាមួយឪពុក ។
ចំណែកកូនស្រីមានបញ្ហា រឿងរ៉ាវជាមួយគាត់ ជាកូនទី៣ ឈ្មោះ ហ៊ុយ ខេមរា អាយុ៣០ឆ្នាំ មានប្តីឈ្មោះ ឃុន ចំរើន អាយ៣៥ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមការរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួល បុរសខាងលើ បាននិយាយថា កាលពីអំឡុងឆ្នាំ២០១៣ កូនស្រីទី៣គាត់ បានខ្ចីផ្ទះមួយល្វែងយកទៅលក់បានលុយ៥៥០០០ដុល្លារ ថានឹងសងជាបន្តបន្ទាប់ ទើបតែសងបាន៣ពាន់ដុល្លា លុយនៅខ្វះចំនួន៥២០០០ដុល្លារទៀត លុះដល់គាត់ កាន់តែចាស់ជរា ហើយពិការទៀត ត្រូវការលុយសម្រាប់ហូបចុក ព្យាបាលជំងឺ ទៅរកទារលុយ បែជាកូនស្រី ប្រើសម្តីជេរប្រមាថជ្រះឆ្អេះ គំរាមញយដងក៏មិនថា។ លុះមកដល់ថ្ងៃទី០៩ ខែកុម្ភៈ កន្លងមកថ្មីៗនេះ បំណាច់អត់លុយសម្រាប់ព្យាបាលជំងឺ ដាច់ចិត្តទៅទារលុយម្តងទៀត ត្រូវបានកូនស្រី កូនប្រសារប្រុស គំរាមវាយមកលើគាត់ជាឪពុកពិការ បោះពាក្យ បោះសម្តី កាលបើឳពុកមកទារលុយទៀត ពួកគេនឹងប្តឹងប៉ូលិសចាប់ខ្លួនហើយ។
ដោយសារការអត់ធ្មត់ទ្រាំលែងបាន ទើបនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ទៅប្តឹងសុំអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅ៣ ។
ការចោទប្រកាន់ រវាងឪពុកនិងកូនស្រីបង្កើតខាងលើ អ្នកសារព័ត៌មានគ្រាន់តែតែស្តាប់រការរៀបរាប់ តែភាគីឪពុកតែប៉ុណ្ណោះ រឿងរ៉ាវពិតឬមិនពិតយ៉ាងណា រងចាំការបំភ្លឺពីភាគីខាងកូនស្រី ។
តាមអាជ្ញាធរសង្កាត់វិញ បានឲ្យដឹងថា អាជ្ញាធរ បានទទួលបណ្តឹងរបស់ភាគីខាងឪពុកហើយ រងចាំចេញលិខិតអញ្ជើញភាគីខាងកូនស្រី មកសាកសួរពេលក្រោយ ដើម្បីសម្របសម្រួលគ្នា៕
មតិយោបល់