ភ្នំពេញៈ បុរសម្នាក់ត្រូវជនមិនស្គាល់មុខដឹកតាមម៉ូតូយកទៅទម្លាក់ចោលសង្ស័យដាក់ថ្នាំសណ្តំ បណ្តាលឲ្យរងរបួសធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០៥នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅជិតសាលាបឋមសិក្សាវត្តគោកបញ្ជាន់ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញជនរងគ្រោះត្រូវបុរសម្នាក់ដឹកតាមម៉ូតូតាមបណ្ដោយផ្លូវបេតុងភូមិថ្មគោល ក្នុងទិសដៅពីជើងទៅត្បូងជិះគ្នា២នាក់ បើកមកដល់ចំណុចកើតហេតុស្រាប់តែជនរងគ្រោះដែលជិះខាងក្រោយត្រូវបានបុរសអ្នកឌុបច្រានទម្លាក់ពីលើម៉ូតូហើយបានជិះគេចខ្លួនបាត់ ។ ចំណែកឯជនរងគ្រោះមានសភាពរងរបួសធ្ងន់សមត្ថកិច្ចសួរនាំពុំកើតហើយសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅគ្លីនិកជិតកន្លែងកើតហេតុដើម្បីព្យាបាល ។
លោកគ្រូពេទ្យដែលព្យាបាលបុរសខាងលើបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះខាងលើ រងរបួសធ្ងន់បាក់ដងកាំបិតផ្នែកខាងស្ដាំ ចំណែកក្បាលក៏ប៉ះពាល់ធ្ងន់ធ្ងរ ក្នុងករណីនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តផងដែរ ៕



មតិយោបល់