កណ្ដាលៈ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអំពើលួចគាស់ផ្ទះ នៅចំណុចផ្ទះឈ្មោះ រស់ ហ៊ុន ភេទប្រុស ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះរស់ ហ៊ុន ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរ គួកជេរដី មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។
សម្ភារបាត់បង់មាន៖ មាសប្រភេទខ្សែដៃ០២ខ្សែ ទម្ងន់០៣តម្លឹង ប្រាក់ដុល្លារ ២៦.៣៥០ដុល្លារ។
វត្ថុតាចាប់យក ៖
១- បន្ទះដែកតាន់១កំណាត់ ទំហំមុខកាត់១០សង់ទីម៉ែត្រ ប្រវែង១.៥៥ម៉ែត្រ (របស់ជនរងគ្រោះ) ដែលជនសង្ស័យយកធ្វើសកម្មភាព ។
២-កន្ត្រៃដែក០១ដងស្រោបជ័រពណ៌ក្រហម ។
សមត្ថកិច្ច បានឲ្យដឹង នៅថ្ងៃកើតហេតុ វេលាម៉ោង៥ និង៤៥នាទីប្រពន្ធជនរងគ្រោះ ឈ្មោះគង់ កុសល និងកូនបាននាំគ្នាចេញពីផ្ទះ ទៅលក់បាយនៅរោងចក្រចំណី សត្វ ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ចំណែក ប្តីនៅមិនទាន់ទៅទេ គឺនៅរៀបចំទុកប្រាក់ដុល្លារ បានមកពីការទិញលក់ដី នៅក្នុងថតគ្រែក្បាលដំណេក ២ម៉ឺនដុល្លារ បន្ថែមលើប្រាក់ដុល្លារ ដែលមានក្នុងថតគ្រែនោះស្រាប់ ៦.៣៥០ដុល្លារ សរុប២៦.៣៥០ដុល្លារ បន្ទាប់ពីដាក់ ប្រាក់ក្នុងថតគ្រែក្បាលដំណេករួចជនរងគ្រោះក៏ចេញពីផ្ទះបាត់ទៅ។
រហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ បានយកបាយមកដាក់ឲ្យឆ្កែស៊ី នៅផ្ទះ ស្រាប់តែឃើញទ្វារផ្ទះបាយ ខាងក្រោយដាច់សោរបើក ភ្លាមនោះជនរងគ្រោះ បានដើរមើលជុំវិញផ្ទះ បានឃើញចំរ៉ឹងបង្អួចផ្ទះជាន់ក្រោមផ្ទាល់ដី ផ្នែកខាងត្បូង មានស្នាមគាស់បាក់ ០២ចំរ៉ឹង បន្ទាប់មកជនរងគ្រោះ បានចូលក្នុងផ្ទះឃើញសោទ្វារឡើងជណ្តើរជាន់លើ មានស្នាមបាក់ត្រចៀកទ្វារម្ខាង និងទ្វារបន្ទប់របស់ជនរងគ្រោះ ដេកមានស្នាមគាស់បំបែកសោទ្វារ ចូលក្នុងបន្ទប់រុះរើសម្លៀកបំពាក់ និងគាស់សោថតក្បាលគ្រែ កន្លែងជនរង គ្រោះដាក់គ្រឿងអលង្ការនិងប្រាក់ដុល្លារខាងលើ។
ភ្លាមនោះដែរជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលពញាឮ រួចកម្លាំងប៉ុស្តិ៍បានសហការ ជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ ចុះពិនិត្យកន្លែងកើតហេតុ សាកសួរជនរងគ្រោះ និងបន្តការ ស៊ើបអង្កេតស្រាវជ្រាវបន្ត៕
មតិយោបល់