ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ ប៉ះចំថ្ងៃយាអ៊ុនដាក់ កាច់សោ.កម៉ូតូបានសម្រេចហើយ សត្វឆ្កែវាផ្អើលព្រុសលួង ម្ចាស់ចេញមកមើលឃើញស្រែក ផ្អើលអ្នកភូមិព័ន្ធចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះ យិន ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ យកផ្ទះសំណាក់៣ដុល្លារ ម្តុំភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ធ្វើជាកន្លែងស្នាក់អាស្រ័យ មានស្រុកកំណើត ភូមិចាម ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ចំណែក នារីរងគ្រោះ ជាម្ចាស់ម៉ូតូឈ្មោះ បាន ធួន អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុ មានស្រុកកំណើត ភូមិប្រាសាទ ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ ។ ដោយឡែកម៉ូតូ ដែលជនសង្ស័យលួចម៉ាក ស៊ុយសូគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-4368 ។
តាមសម្តីនារីរងគ្រោះ បានប្រាប់ឲ្យដឹងបែបជំនឿ មួយថា កាលពីយប់មិញនាងបានយល់សុបិន « ឃើញម្តាយនាងមកប្រាប់ថា មានចោរលួចម៉ូតូ តែលួចមិនបានទេ មានគេប្រាប់ » ក្រោយពីសុបិនឃើញអាក្រក់បែបនេះ ធ្វើឲ្យនាងបង្កើនការប្រុងប្រយ័ត្ន លុះពេលដែលចេញពីធ្វើការរោងចក្រ ចតទុកដាក់ចាក់សោក រួចឡើងទៅបន្ទប់ជាន់ទីមួយហូបបាយ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសំទ្បេងឆ្កែព្រុសប្លែក រួមផ្សំនឹងអារម្មណ៍នឹកឃើញពេលយល់សុបិនផង ក៏ស្ទុះចេញមកអើតមើល ស្រាប់តែឃើញជនសង្ស័យ កាច់សោកម៉ូតូបានហើយ ឡើងជិះរៀបបើកចេញ ក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាងជួយចេញមកអន្តរាគមន៍ ព័ទ្ធចាប់បានស្វាគមន៍ដេកទ្រោមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យវិញបានឲ្យដឹងថា ខ្លួនពិតជាបានកាច់សោកម៉ូតូមួយគ្រឿងខាងលើពិតមែន រៀបនឹងជិះចេញហើយ សត្វឆ្កែមកព្រុស ផ្អើលម្ចាស់ ស្រែកពលរដ្ឋចាប់ខ្លួនតែម្តង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី៕
មតិយោបល់