ព័ត៌មានជាតិ

ជិះម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ដ​បុក​ ស្លាប់នារីម្នាក់ និងរបួសម្នាក់ នៅ​ស្រុក​អង្គស្នួល​

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឲ្យដឹងថា នារី​ម្នាក់​បើកបរ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ដ​មួយ​គ្រឿង​បើក​មក​ពីក្រោយ​ស្រប​ទិស​គ្នា​ បុក​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​នារី​រង​គ្រោះ ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រីឯ​យុវជន​ម្នាក់ ​ជា​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈើ​នាង​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​

​មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​ បាន​ឲ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ (​ស្លាប់​)​ ឈ្មោះ​ ពិន​ សុ​ផា​ន​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ភូមិ​ដូង​ ឃុំ​ក្រាំង​ដឺ​វ៉ា​យ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​និ​ច​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ រួម​ដំណើរ​ដោយ​ឈ្មោះ​ សម្បត្តិ​ ផា​ន្នី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ជម្ពូ​ព្រឹក​ ឃុំ​ចំប៉ា​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ (​រង​របួសស្រាល​)​។​ ចំណែក​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3A-1206​ បើកបរ​ដោយ​ឈ្មោះ​ ថន​ សុ​ភី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​គគីរ​ធំ​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​នារី​រង​គ្រោះ​ខាងលើ​ បើកបរ​ម៉ូតូ​ដោយ​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​នារី​គ្រោះ ​ក៏​បាន​បត់​ម៉ូតូ​ឆ្លងផ្លូវ​ ទៅ​ឆ្វេង​ដោយ​ពុំ​បាន​មើល​មុខ​ក្រោយ​នោះ​ទេ​ ខណៈនោះ​ក៏​មាន​រថយន្ដ​មួយ​គ្រឿង​ខាងលើ​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ឈប់​មិន​ទាន់​បាន​បុក​ម៉ូតូ​នារី​រង​គ្រោះ​ពីក្រោយ​ បណ្ដាល​ឲ្យ​នារី​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសស្រាល​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​ បាន​ចុះ​ទៅ​អន្ដរាគមន៍​កន្លែង​កើតហេតុ ​និង​ឃាត់ខ្លួន​យុវជន​ជា​អ្នកបើកបរ​រថយន្ដ​ទុក ​រួច​វាស់វែង​និង​ពិនិត្យ​រួច​កសាង​សំណុំរឿង ​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ ចំណែក​សាកសព​នារី​រង​គ្រោះ ​ត្រូវ​បាន​នគរបាល​ជំនាញ ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បញ្ជាក់​ថា​ ករណី​នេះ​ បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ បត់​ឆ្លងផ្លូវ​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ទើប​បានជា​រថយន្ដ​មក​ក្រោយ​បុក​ស្លាប់​បែប​នេះ​៕

មតិយោបល់