ព្រះវិហារៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ការប្រកាសផ្តល់អណ្តូងទឹកខាងលើ ធ្វើឡើងភ្លាមៗបន្ទាប់ពីមានសំណើរពីលោក អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តព្រះវិហារ និងលោកប្រធានពន្ធនាគារខេត្ត ដែលបានស្នើឲ្យក្រសួងធនធានទឹក និងឧតុនិយម ជួយដោះស្រាយទឹកប្រើប្រាស់នៅក្នុងពន្ធនាគារខេត្ត ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលកំពុងតែជួបការខ្វះខាតទឹកជាខ្លាំង។
អណ្តូងទឹកនោះគឺគ្រោងនឹងជីកក្នុងជម្រៅប្រមាណ ៥០ ម និងមានបំពាក់នូវម៉ាស៊ីនបូមទឹកខ្នាតតូច ចំនួន ០១ គ្រឿង ព្រមទាំងរៀបចំជាប្រព័ន្ធទុយោទឹកដែលអាចបូមចែកចាយនៅក្នុងពន្ធនាគារទាំងមូល ។ ទន្ទឹមនឹងការប្រកាសផ្តល់អណ្តូងទឹកនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ប្រើប្រាស់រថយន្តបំពាក់ស៊ីទែនទឹក ដែលបានផ្តល់ឲ្យនាពេលកន្លងទៅ ដើម្បីដឹកជញ្ជូនទឹកប្រចាំថ្ងៃទៅកាន់ពន្ធនាគារ សម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់ជាបណ្តោះអាសន្ន រហូតដល់អណ្តូងទឹកជីករួច ៕
មតិយោបល់