ភ្នំពេញៈ កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ យុវជនពីរនាក់ជិះម៉ូតូរត់គេចចេញពីគេដេញវៃតាមផ្លូវ បញ្ច្រាសទិសដៅចរាចរណ៍ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាចំពីមុខពេញទំហឹង ត្រង់ចំណុចផ្លូវក្រោមដីស្ពានអាកាស៥មករា ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាក បាចា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1HG-3673 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៨៩ រួចក៏បានបើកចូលទៅផ្លូវក្រាមដី បំណងបត់ឆ្វេងទៅមហាវិថីសហព័ន្ធរុស្ស៊ី។
មកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូមួយគ្រឿងទៀតម៉ាក សងប៉ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1M-0796 បើកដោយយុវជនពីរនាក់ បញ្ច្រាសទិសចរាចរណ៍ ក្នុងល្បឿយ៉ាងលឿនជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាចំពីមុខពេញទំហឹង បណ្តោយឲ្យម៉ូតូកង់បី រងការខូចខាតក្រពឹត និងបែកកញ្ចក់ខាងមុខ រីឯអ្នកបើកបររងរបួសបែកក្បាល។ ចំណែកឯម៉ូតូរងការខូចខាតវៀចផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបររបួសបាក់ដៃខាងឆ្វេង និងអ្នកអង្គុយខាងក្រោយ របួសបែកក្បាល។
ក្រោយកើតហេតុ អ្នកបើកបរម៉ូតូកង់បីឥណ្ឌា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយឡែកម៉ូតូ និងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់