ព័ត៌មានសិល្បៈ និងកម្សាន្ត

លេចមុខជាថ្មី តារាសម្ដែងកញ្ញា ម៉ារី កាលីបកប់ស៊េរី

ស្ងាត់ពីសិល្បៈមួយរយៈ គេនឹកស្មានថា តារាសម្ដែងកញ្ញា ឡុង ថាវរី ហៅម៉ារី ប្រហែលជាធ្លាក់កូដ ឬបាត់បង់ភាពហ៊ឺហាឡូយឆាយ ដែលធ្លាប់បង្ហាញឡើងបាត់ទៅហើយ ទើបធ្វើអោយនាងស្ងាត់បាត់ឈឹង ដោយសូម្បីតែមានការអញ្ជើញអោយថតភាពយន្តក៏មិនសូវខ្វល់ទទួល។ ប៉ុន្តែផ្ទុយពីការប៉ាន់ស្មាន កញ្ញាបែរជាកាន់តែឡូយឆាយ កាន់តែហ៊ឹកហ៊ាក់ ដោយសារតែកញ្ញា ទើបតែប្រកាសសម្ពោធផ្ទះ នៅក្នុងវីឡាអរគីដេវីឡា តម្លៃជិត៣០ម៉ឺនដុល្លារ មិនធម្មតា។

កញ្ញា ម៉ារី និយាយថា កញ្ញានៅតែទទួលសម្ដែងអោយបានពេញលេញនៅថ្ងៃណាមួយ ប៉ុន្តែដោយសារតែកញ្ញានៅមានការងារ ក្នុងដៃមួយចំនួន រវល់មិនទាន់ចប់ទើបធ្វើអោយនាងឆ្លៀតឃ្លាតមួយរយៈ។ យ៉ាងណាមិញ កញ្ញាថា ខ្លួននឹងបង្ហាញមុខអោយបានពេញទំហឹងក្នុងពេលខាងមុខ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលនាងយល់ថា មិនអាចទម្លាក់ចោលការសម្ដែងបែបនេះតទៅទៀត។ នៅក្នុងពិធីឡើងគេហដ្ឋានថ្មី របស់នាងនៅថ្ងៃនោះ គេឃើញតារាសម្ដែងកញ្ញាឡុង ថាវរី ហៅ ម៉ារី ស្រស់ស្អាតជាងមុនដាច់ឆ្ងាយ ដោយសាច់ឈាមរបស់នាង គឺស្រស់ស្អាតជាងកាលពីពេលនាង ទើបចូលប្រឡូកសិល្បៈ ហើយមានអាយុក្មេងជាងនេះទៅទៀត។ កញ្ញាត្រូវបានសរសើរថា ស្រស់ស្អាត ក្មេងជាងវ័យ ហើយពិតជាឡូយម៉ែនទែន ដែលស្ងាត់ពីការសម្ដែង ផ្ទុយពីការយល់ឃើញថា ទំនងជាធ្លាក់កាលីបហើយ ប៉ុន្តែនៅពេលបង្ហាញខ្លួន បែរជាបង្អួតផ្ទះតម្លៃជិត ៣០ម៉ឺនដុល្លារ។

កញ្ញា ម៉ារី និយាយថា ផ្ទះវីឡាដែលនាងបើកសម្ពោធពិតជាមានតម្លៃជិត៣០ម៉ឺនដុល្លារ ដោយសារតែនោះ គឺជាគម្រោងវីឡារបស់អរគីដេវីឡា ស្ថិតនៅផ្លូវម៉ៃដា២០០៤ ដែលនាងបានទិញជាយូរមកហើយ។ យ៉ាងណាមិញ នាងថាថវិកាដែលទិញផ្ទះនេះ គឺជាថវិការបស់គ្រួសារនាងប៉ុណ្ណោះ អ៊ីចឹងហើយទើបផ្ទះវីឡានោះ មានឈ្មោះជាកម្មសិទ្ធិរបស់ម្ដាយ ដោយនាងគ្រាន់តែចេញមុខអញ្ជើញ តារាសិល្បៈអោយចូលរួមប៉ុណ្ណោះ។
នៅក្នុងពិធីនោះ គេឃើញតារាសម្ដែង៣ដួង បានចេញមុខជួយនាងយ៉ាងសកម្ម ដោយបានទាំងអះអាងថា នាងគឺជាបងប្អូនល្អ ដែលពួកនាងត្រូវតែជួយដុតដៃដុតជើងនោះផង។

កញ្ញា ផាណាម៉ុច ដែលប្រើឈ្មោះថ្មីក្នុងហ្វេសប៊ុកថា Bella Aldama បានអះអាងថា ដោយសារតែរវាងនាង និងកញ្ញា ម៉ារី គឺមិនខុសពីបង និងប្អូនស្រី ទើបនាងចេញមុខខ្នះខ្នែង នៅក្នុងពិធីទាំងមូល ដោយតារាសម្ដែងកញ្ញា ណាតាយ៉ា និងកញ្ញាញឹម ចាន់ថន ក៏ដែលបានរាប់អានដូចជា បងជាប្អូនដូចគ្នា ក៏ជួយខ្នះខ្នែងផងដែរ។ នៅក្នុងពិធីនោះ គេឃើញតារាទាំង៤ទទួលភ្ញៀវផង និងច្រៀងផងរាំផង ធ្វើអោយកម្មវិធីរបស់កញ្ញា ម៉ារី រស់រវើក និងសប្បាយរីករាយយ៉ាងខ្លាំង៕

មតិយោបល់