សៀមរាបៈ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមខេត្តសៀមរាបចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧៦គ្រួសារ នៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា សំរាប់ អំណោយដែលត្រូវចែកជូនបងប្អូនទាំង៧៦គ្រួសារ នៅពេលនេះ ក្នុងនោះ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា១ដប និងថវិកា ២ម៉ឺនរៀល។
ក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្តសៀមរាប បានឲ្យដឹងថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេស ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជាប្រធាន ហើយបាននិងកំពុងប្រតិបត្តិការជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយគណអភិបាលក្រុមប្រតិបត្តិអ្នកស្ម័គ្រចិត្ត ចាប់តាំងពីថ្នាក់ជាតិរហូតដល់សហគមន៍មូលដ្ឋានក្រោមការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូសហប្រតិបត្តិការ ស្ថាប័នពាក់ព័ន្ធ សប្បុរសជនជាតិ និងអន្តរជាតិ។
លោកស្រី បានសម្តែងនូវការអរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់ រួមទាំងសមាជិកភាពផងដែរដែលបានចូលរួមគាំទ្រដល់ចលនាកាកបាទក្រហមកម្ពុជា ក្នុងនេះសាខាខេត្តសៀមរាបបានប្រឈមដោះស្រាយជាមួយការលំបាកជូនប្រជារងគ្រោះ និងងាយរងគ្រោះជាច្រើនគ្រួសារ និងជាច្រើនករណីដូចជាគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ រាំងស្ងួត ឧបទ្ទវហេតុផ្សេងៗ អគ្គីភ័យ ស្ត្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹងជាដើម៕
មតិយោបល់