ព័ត៌មានជាតិ

បុរសម្នាក់ ញៀនថ្នាំដល់កម្រិត បង្កហិង្សាវាយបងប្រុសបង្កើត បាក់ដៃ និងបាក់ឆ្អឹងជំនី ប៉ូលិសចាប់ខ្លួន

ភ្នំពេញៈ បុរសញៀនថ្នាំដល់កម្រិតម្នាក់ បានបង្កហិង្សាក្នុងគ្រួសារ ប្រើដំបងវាយទៅលើបងប្រុសបង្កើត បណ្តាលឲ្យរងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនបង្កឈ្មោះ ឈិ តសីហា ហៅយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត សង្កាត់វាលវង់ ខណ្ឌ៧មករា មានប្រពន្ធឈ្មោះ ប្រាក់ រាតាវុទ្ធី អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូនប្រុស២នាក់ ក្នុងបន្ទុករស់នៅផ្ទះកើតហេតុខាងលើ ។
ចំណែកបងប្រុសរងគ្រោះឈ្មោះ ឈិត ចាន់វិច្ឆិកា អាយុ៣៥ មុខរបរកម្មកររោងចក្រ រស់នៅផ្ទះកើតហេតុជាមួយគ្នា រងរបួសធ្ងន់ បាក់ដៃ និងបាក់ឆ្អឹងជំនី ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន មុនកើតហេតុ ជនសង្ស័យបង្កជម្លោះ ក្នុងគ្រួសារ ឈ្លោះជាមួយបងប្រុសបង្កើត ឈានដល់ប្រើប្រាស់ ដំបងឈើ ដែក វាយទៅលើបងបង្កើត បណ្តាលឲ្យរងរបួសធ្ងន់ ហើយជេរប្រមាថទាំងម្តាយ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅអន្តរាគមន៍ ជេរគំរាមសមត្ថកិច្ចទៀត។

ករណីបង្កហិង្សា ក្នុងគ្រួសារខាងលើ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌ កម្លាំងប៉ុស្តិ៍ ចុះទៅសម្រុកចូលចាប់ឃាត់ខ្លួន ជនបង្កបានភ្លាមៗ នាំយកទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំទៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់