ព័ត៌មានជាតិ

ជនសង្ស័យ២នាក់​ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់កាបូប

កណ្តាល: នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោសក័​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)ចំណុចផ្លូវបេតុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ខៀវ ចរិយា ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០២នាក់ ឃាត់ខ្លួ​ន០១នាក់៖១-ឈ្មោះ ប៊ិន សុធិ ហៅតុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ២-ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

សម្ភារ:បាត់បង់៖-ប្រាក់ដុល្លារចំនួនបីពាន់ដុល្លា(៣០០០ដុល្លារ) និង ប្រាក់រៀលចំនួនពីរលានប្រាំសែនរៀល(២៥០០០០០រៀល)។
-ទូរស័ព្ទដៃម៉ាកសាមសុងចំនួនពីរគ្រឿង។

វត្ថុតាងចាប់យករួម៖-ម៉ូតូមួយគ្រឿងម៉ាកនីកផលិតឆ្នាំ២០២០ ពណ៌ស លាយលឿង លេខតួ៣៥៨៧៥៨ លេខម៉ាស៊ីន៣៥៨៦៤៥ ពាក់ផ្លាកលេខ កណ្ដាល1AJ-9609 ។-ទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone7 plus ពណ៌ក្រហម។

នៅមុនពេលកើតហេតុ៖ ជនរងគ្រោះនិងស្វាមីបានជិះម៉ូតូឌុបគ្នាចេញពីមន្ទីរពេទ្យពិនិត្យជំងឺនៅខេត្តកំពង់ស្ពឺវិញ ហើយជិះឆ្ពោះទៅផ្ទះនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នៅពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូពីរគ្រឿងជិះគ្នាពីនាក់ បានជិះមកពីក្រោយ ហើយម៉ូតូម៉ាក នីក ពណ៌សលាយលឿង បានវ៉ាខាងស្ដាំរួចលូកដៃទៅឆក់កាបូបស្ពាយចំហៀង របស់ជនរងគ្រោះបានហើយ ក៏នាំគ្នាជិះទៅទិសខាងត្បូងបាត់ទៅ។ ហើយជនរងគ្រោះស្រែកថាចោរៗ នឹងជិះដេញពីក្រោយតែដេញមិនទាន់ឡើយ។ តាមការឆែកកាមរ៉ាសុវត្តិភាពនៅកន្លែងកើតហេតុ បានឃើញភិនភាគជនសង្ស័យនឹងម៉ូតូរបស់ជនសង្ស័យ ទើបកំណត់មុខសញ្ញាបាន និងបានហៅជនសង្ស័យមកសួរនាំតែម្ដង ។ ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

មតិយោបល់