កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយបុរសម្នាក់ជាប្ដី ឈ្មោះប៊ុន ចាន់ អាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិគោគវាយ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរ ធ្វើស្រែ។
មូលហេតុ៖ ផឹកស្រាស្រវឹងរួចមករករឿង បង្កជម្លោះជាមួយប្រពន្ធ ហើយបានដេញវាយប្រពន្ធនៅក្នុងផ្ទះ ព្រមទាំងចាក់សោទ្វារបង្ខាំងទុក ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ណន លៀប អាយុ ៣៩ឆ្នាំ មុខរបរ លក់ដូ។
តាមសម្ដីរៀបរាប់ពីប្រពន្ធ បានឲ្យដឹងថា ប្ដីគាត់តែងហូបស្រាជាប្រចាំ ស្រវឹងមិនលោះថៃ្ងណាទេ ឲ្យតែស្រវឹងម្ដងៗរករឿងប្រពន្ធ ហើយទារលុយ បើមិនអោយគឺវៃតប់ គំរាមសម្លាប់ និងចាក់សាំងដុតសំលៀកបំពាក់ជាដើម។
ករណីនេះ សមត្ថកិច្ច សហការជាមួយក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ កម្លាំងប្រជាការពារ និងបងប្អូនសាច់ញាតិគ្រួសារជនបង្ក ជួយអន្ដរាគមន៍ គាស់ទ្វាររំដោះយកជនរងគ្រោះ ចំណែកជនបង្ក ត្រូវបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់