ព័ត៌មានជាតិ

ការការពារអតិថិជនរបស់ហត្ថាកសិករ លីមីតធីត ត្រូវបានទទួលស្គាល់ជាសកល

ភ្នំពេញៈ ហត្ថាកសិករ លីមីតធីតគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុង​ព្រះរាជាណចក្រកម្ពុជាដែលតែងតែផ្តល់នូវទំនុកចិត្ត និងបានធ្វើឲ្យអតិថិជនរបស់ខ្លួនមានជីវភាព​កាន់តែប្រសើរឡើង។បន្ទាប់ពីបានបំពេញគ្រប់គោលការណ៍ទាំងប្រាំពីរ ក្នុងលក្ខខណ្ឌស្តង់ដារនៃ​ការថែរក្សាអតិថិជន​ដល់អតិថិជន​​ ហត្ថាកសិករ លីមីតធីតបានទទួលបានវិញ្ញាបនបត្រ“ គោលការណ៍​ការពារអតិថិជន”​ជាផ្លូវការពី Smart Campaign កាលពីខែកក្កដាឆ្នាំ ២០១៦។

វិញ្ញាបនបត្រ ”គោលការណ៍ការពារអតិថិជន” របស់ Smart Campaignនេះ ទទួលស្គាល់ជាសកលនិងផ្តល់ជូនគ្រឹះស្ថានហិរញ្ញវត្ថុដែលបានផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវសូច្ចនករចំនួនជាង៩០នៃគោលការណ៍ការពារអតិថិជនទាំងប្រាំពីររួមមាន៖ ការបង្កើតផលិតផល និងផ្តល់សេវាកម្មសមស្រប ការពារបំណុលវ័ណ្ឌករ តម្លាភាព ទំនួលខុសត្រូវលើតម្លៃ ភាពស្មើគ្នា និង ការគោរពចំពោះអតិថិជន ឯកជនភាពនៃព័ត៌មានអតិថិជន និងយន្តការដោះស្រាយយការរអ៊ូរទាំ។

គម្រោងមួយនេះទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារអភិវឌ្ឍន៍​បារាំង(AFD)ក្រោមការអនុវត្តគម្រោងដោយសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)ក្នុងគោលបំណង​ដើម្បីរួមចំណែកថែររក្សាស្ថេរភាពវិស័យហិរញ្ញវត្ថុលើកស្ទួយក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនិងកាត់បន្ថយហានិភ័យ ផ្សេងៗព្រមទាំងការពារអតិថិជនឲ្យ​ជៀសផុតពី​បំណុលវ័ណ្ឌករ។

លោកស្រី Isabelle Barrès នាយកនៃ Smart Campaign បានសម្តែងការអបអរសាទរ យ៉ាងស្មោះ អស់ពីចិត្ដចំពោះបុគ្គលិក និងថ្នាក់គ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ទាំងអស់ ដែលបានលះបង់អស់ពីកំលាំងកាយចិត្ត ក្នុងការបំពេញទៅតាមសូច្ចនករដែលគម្រោនេះបានកំណត់ ប្រកបដោយឆន្ទះខ្ពស់ចំពោះអតិថិជនរបស់ខ្លួន។ សកម្មភាពទាំងអស់នេះ វាបានបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់លើការពារអតិថិជន ដែលជាកត្តាជោគជ័យដ៍សំខាន់មួយចំពោះហត្ថាកសិករ និងជាគំរូល្អនៃការអភិវឌ្ឍន៍ថ្មីមួយទៀតសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។

ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត លោកឧកញ៉ា ហួត អៀងតុង បាន ថ្លែងថា ”ការការពារអតិថិជន ជាកត្តាចម្បងដែលយើងតែងតែបាននិងកំពុងយកចិត្តទុកដាក់ ប៉ុន្តែការ សម្រេចគោលដៅទទួលបានវិញ្ញាបនបត្រនេះ មានន័យយ៉ាងច្បាស់ថា ការការពារអតិថិជនរបស់គ្រឹះ ស្ថានយើងត្រូវបានទទូលស្គាល់ជាសកល។ យន្តការទាំងនេះ ហត្ថាកសិករបានបន្តអនុវត្តរៀងរាល់ ថ្ងៃដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង ផ្នែកសេវាហិរញ្ញវត្ថុឈានមុខគេ”។

ភាពជោគជ័យនេះ ជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមទៀតរបស់ហត្ថាកសិករ ក្នុងការបង្ហាញឲ្យ អតិថិជន សាធារណៈជន និងម្ចាស់ទុននិកមានទំនុកចិត្តកាន់តែខ្លាំងចំពោះស្ថាប័ន ក្នុងការថែរក្សា អតិថិជន ប្រកបដោយការទទួលខុសត្រូវខ្ពស់។ វិញ្ញាបនបត្រនេះ ទើបតែបានផ្តល់ជូន ដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាំមួយទេ នៅក្នុងប្រទេសកម្ពុជា រួមទាំងហត្ថាកសិករ លីមីតធីតផងដែរ ស្របពេល ដែល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗទៀតកំពុងតែព្យាយាមខំប្រឹងប្រែង បំពេញតាមលក្ខខណ្ឌដែល គម្រោងនេះតំរូវ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ហត្ថាកសិករ មានការិយាល័យ ប្រតិបត្តិចំនួន ១៥៣ ការិយាល័យនៅទូទាំងប្រទេស និង មានម៉ាស៊ីនអេធីអឹម ១២៣ កន្លែងគ្រប់ ខេត្តក្រុង។ សមតុល្យឥណទាន ជាង៣៩៤ លានដុល្លារអាមេរិក ដែលមានអតិថិជនប្រាក់កម្ចី ចំនួនជាង១១ម៉ឺននាក់ និង មានសមតុល្យប្រាក់បញ្ញើ សន្សំជាង ២៩៦ លានដុល្លារអាមេរិក និងមានអតិថិជនកំពុងដាក់ប្រាក់បញ្ញើជាង២២ម៉ឺននាក់ ជាមួយគ្នាហត្ថាកសិករ មានទ្រព្យសកម្ម សរុបចំនួនជាង ៥១៧ លានដុល្លារអាមេរិក៕

មតិយោបល់