កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងស្រ្ដីជាអ្នករួមដំណើរម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង៥ និង២០នាទីទៀតភ្លឺឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូមែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ឃឹម ពន្លក ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាវេវ ធុនសេ១១០ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1C-9403 (ស្លាប់) រួមដំណើរជាមួយឈ្មោះ ឈិន រ៉ែម ភេទស្រី អាយ៤០ឆ្នាំ (របួសស្រាល) ។ អ្នកទាំងពីរត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ ។ ចំណែករថយន្ដបង្ក ម៉ាកហ៊ីយ៉ាន់ដាយ កូរ៉េ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ច 9418 ភព 2 ប្រភេទដឹកទំនិញ (ដឹកអេតចាយ) បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូខាងលើ ជិះពីរនាក់ប្ដីប្រពន្ធ មានដឹកមាន់សម្រាប់យកទៅលក់ នៅភ្នំពេញ ធ្វើដំណើរពីត្បូងទៅជើង (តាកែវទៅភ្នំពេញ) ។ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដដឹកអេតចាយមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា បានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលឲ្យដួលម៉ូតូ បុរសជាប្ដីបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ រីឯប្រពន្ធគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ចំណែកអ្នកបើកបររថយន្ដ ក្រោយកើតហេតុ បានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច បានចុះមកធ្វើការអន្ដរាគមន៍ ពិនិត្យ វាស់វែងនៅកន្លែងកើតហេតុ ហើយកសាងសំណុំរឿង និងដកហូតយកមធ្យោយបាយពាក់ព័ន្ធ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយទ្បែកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់