ព័ត៌មានជាតិ

អំពើ​ហិង្សា​ទំនាស់​ពាក្យ​សម្ដី​រឿង​លុយ​៧០០០​រៀល​កាប់​ស្លាប់​១​នាក់​របួស​ម្នាក់​នៅ​ខេត្តពោធិ៍សាត់​

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ក្រោយ​ក្រុម​គ្រួសារ​ព្យាយាម​បញ្ជូន​ទៅ​សង្គ្រោះ​រហូត​ដល់​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​ ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​ នៅ​គ្រា​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​រឿង​ជំពាក់​លុយ​ ៧០០០​រៀល​។​

​ហេតុការណ៍​ឃាតកម្ម​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ខាងលើ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​ថ្ងៃ​ច័ន្ទ​ ១៤​កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធ​ស័ក្តិ​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ក្នុង​ព្រៃរនាម​ដាច់​ស្រយាល​មាត់បឹង​ទន្លេសាប​ ត្រង់​ចំណុច​លាប​ភេ​ ស្ថិត​ក្នុងភូមិ​កំពង់​ឡរ​ ឃុំ​កំពង់​ពោធិ៍​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​(​ស្លាប់​)​ឈ្មោះ​ ម៉ក់​ ឡុ​ញ​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បច្ចុប្បន្ន​ ស្នាក់​នៅ​ចំណុច​កើតហេតុ ​(​នេសាទ​ត្រី​)​ មាន​ទីលំនៅ​ភូមិ​កំពង់​ឡរ​ ឃុំ​កំពង់​ពោធិ៍​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ រង​របួស​លើ​ផ្ទៃមុខ​ផ្នែក​ខាងឆ្វេង​ ហើយ​បាន​ (​ស្លាប់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​)​ នា​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​នេះ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ជិន​ ជឿន​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បច្ចុប្បន្ន​ស្នាក់​នៅ​ចំណុច​កើតហេតុ ​(​នេសាទ​ត្រី​)​ ជាមួយ​គ្នា​ មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា​ បាន​របួស​ដៃ​ ១​កាំបិត​ និង​ជើង​ ១​កាំបិត​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។​

​ប្រភព​ព័ត៌មាន​ខាងលើ​បន្ត​ថា​ ករណី​ហិ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ស្លាប់​)​នេះ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ ជុំ​ សុខុម​ ភេទ​ប្រុស​ អាយុ​ ៥៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បច្ចុប្បន្ន​ស្នាក់​នៅ​ចំណុច​កើតហេតុ​(​នេសាទ​ត្រី​)​ជាមួយ​គ្នា​ មាន​ទីលំនៅ​ភូមិ​ចំការលើ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ បាន​ប្រើប្រាស​កាំបិត​កា​កុក​ជា​អាវុធ​កាប់​លើ​គូរ​ទំនាស់(​ស្លាប់​)​ និង​រង​របួស​ ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​បាត់​ស្រ​មោ​ល​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​ ហិង្សា​ដោយ​ចេតនា​ខាងលើ​ ផ្ដើម​ចេញពី​ទំនាស់​ពាក្យ​សម្ដី​គ្នា​រវាង​ប្រពន្ធ​ និង​ប្រពន្ធ​ ដោយ​ប្រពន្ធ​ជន​រង​គ្រោះ​(​ស្លាប់​)​ ជំពាក់​លុយ​ប្រពន្ធ​ជនសង្ស័យ​ដៃដល់​ចំនួន​ ៧០០០​រៀល​ បង្ក​ឲ្យ​កើត​មាន​ទំនាស់​ឡើង​បែកផ្សែង​រហូត​ផ្ទុះ​ហិ​ង្សា​បែប​នេះ​ ហើយ​ភ្លាមៗ​នោះ​ភាគី​ខាង​ជន​រង​គ្រោះ​រវល់​ពេក​ ពុំ​បាន​ផ្ដល់​ព័ត៌មាន​ឬ​រាយការណ៍​មក​សមត្ត​កិច្ច​មូលដ្ឋាន​នោះ​ទេ​ លុះ​ជន​រង​របួស​ស្លាប់​ បញ្ជូន​ត្រឡប់​មក​ពី​រាជធានី​ភ្នំពេញ​ ទើប​មក​ដាក់​ពាក្យបណ្ដឹង​ ធ្វើ​ឲ្យ​ជន​បង្ក​មាន​ឱកាស​រត់​គេ​បាត់​បែប​នេះ​៕

មតិយោបល់