បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា (ដុតចំការអំពៅអ្នកដ៏ទៃ) នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
យោងពាក្យបណ្តឹងរបស់ឈ្មោះ អ៊ឹង ស៊ីហុង ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ម៉ន ទ្រី ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ តែងតែដើរដុតព្រៃ នៅក្បែរចំការអំពៅអ្នកដ៏ទៃ ពេលខ្លះក៏ពន្លត់ទាន់ តែពេលខ្លះពន្លត់មិនទាន់ បណ្តាលឲ្យឆេះរាលដាលជាច្រើនលើកច្រើនសារមកហើយ កន្លងមកម្ចាស់ចំការតែងតែធ្វើការណែនាំ ដល់ជនសង្ស័យខាងលើឲ្យបញ្ឈប់សកម្មភាពដើរដុតព្រៃ តែជនសង្ស័យមិនព្រមស្តាប់ ហើយនៅតែបន្តធ្វើសកម្មភាពដើរដុតព្រៃ នៅក្បែរចំការរហូតឆេះរាលដាល បណ្តាលឲ្យខូចខាតដល់ចំការអំពៅអ្នកដ៏ទៃ និងចំការអំពៅរបស់ខ្លួនថែមទៀត ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនមិនបានដុតចំការអំពៅអ្នកណាម្នាក់ឡើយ គ្រាន់តែដុតស្មៅនៅក្រៅចំការប៉ុណ្ណោះ ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងយោងតាមការបំភ្លឺរបស់សាក្សី ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនា (ដុតចំការអំពៅអ្នកដ៏ទៃ)។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់