ព័ត៌មានជាតិ

យុវជនម្នាក់ កំពុងលេងបាល់ ស្រាប់តែងងឹតមុខខ្យល់គ ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ

ភ្នំពេញៈ កាលពីវេលាម៉ោង ៦និង៣៣នាទីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ខ្យល់គ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ នៅចំណុចតារ៉ាងបាល់ទះ តាមបណ្តោយផ្លូវបេតុង ក្រុម២ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះណាត ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងកញ្ចក់ ធ្វើការនៅខេត្តកំពងសោម ស្រុកកំណើត ភូមិពោធិមិត្ត​ ឃុំលើកដែក ស្រុកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង៤រសៀល គេឃើញម៉ូតូមួយគ្រឿង ជិះដោយជនរងគ្រោះខាងលើ បំណងមកលេងផ្ទះម្តាយមីង នៅក្បែរកន្លែងកើតហេតុ តែមិនទាន់បានចូលទៅលេងទេ គឺបានឆ្លៀតចូលលេងបាល់ទះមួយសន្ទុះសិន។

តាមការបញ្ជាក់ជនរងគ្រោះ ឧស្សាហ៍មកលេងបាល់ទះនៅទីនេះ ញឹកញាប់ណាស់ ព្រោះផ្ទះម្តាយមីគាត់នៅក្បែរនឹងដែរ។

ដូចតាមទម្លាប់ជនរងគ្រោះ បានចូលមកចាប់គូគ្នាលេងធម្មតាដូចរាល់ដង ដោយលេងបានមួយសន្ទុះធំ ស្រាប់តែជនរងគ្រោះទន់ជើង លុតអង្គង់ហើយស្រែកប្រាប់គេថា ទៅហើយ រួចក៏ដួលសន្លប់ស្តូកស្តឹងតែម្ដង បង្កឲ្យមានការផ្អើលឆោទ្បោ នៅកន្លែងកើតហេតុ និងនាំគ្នាជួយសង្គ្រោះបឋម រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងហៅដឹកយកទៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ តែអកុសលជនរងគ្រោះបានស្លាប់ នៅពាក់កណ្តាលផ្លូវបាត់ ទើបដឹកត្រឡប់យកមកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានធ្វើកំណត់ហេតុ ហើយទាក់ទងសមត្ថកិច្ចជំនាញ ចុះមកធ្វើកោលស្យវិច័យ រួចប្រគល់សពជូនសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់