ព័ត៌មានជាតិ

ផ្អើលនៅក្រុងតាកែវ! អគ្គិភ័យឆេះក្លឹបកំសាន្តយីហោ ជុំមិត្ត១៦៨

តាកែវៈ កាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែង មានយីហោជុំមិត្ត១៦៨ ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ម្ចាស់ក្លឹបប្ដីឈ្មោះ សាន អ៊ាង អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ជា ស្រីមុំ អាយុ ៤៩ ឆ្នាំជនជាតិខ្មែរ។

ក្លឹបកំសាន្តខាងលើមានទំហំ ៧X៨ម៉ែត្រធ្វើអំពីបេតុង ប្រកស័ង្កសី និងមានសម្ភារនៅក្នុងនោះមួយចំនួនដូចជា៖ ម៉ាស៊ីនត្រជាក់ ០៤គ្រឿង ឧបករណ៍ភ្លេងសម័យ (អ៊កកាដង់) ០១ឈុត សាទ្បុង១០ កៅអីជ័រ កៅអីឈើមួយចំនួន ស្រាបៀរចម្រុះមួយចំនួន និងទូរស័ព្ទដៃមួយចំនួនមាន (របស់ម្ចាស់ក្លឹប របស់អ្នកបម្រើ និងភ្ញៀវ) ត្រូវបានឆេះខូចខាតទាំងស្រុង។ សម្ភារដែលខូចខាតគិចជាទឹកប្រាក់អស់ជាង ២ម៉ឺនដុល្លារអាមេរិក។

ករណីគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យរងរបួសដល់មនុស្សទេ។ មូលហេតុ៖ ទុស្សេខ្សែភ្លើងចេញពីម៉ាស៊ីនត្រជាក់។

អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចចំនួន ៥គ្រឿង ក្នុងនោះយករថយន្តមកពីអធិការដ្ឋាននគរបាលស្រុកទ្រាំង០១គ្រឿង និងស្រុកត្រាំកក់១គ្រឿង។ ហើយបានប្រើប្រាស់ទឹក ដើម្បីបាញ់ពន្លត់អស់ចំនួន ១០រថយន្ត និងប្រើរយៈពេលអស់១ម៉ោង និង៤០នាទីគឺដល់វេលាម៉ោង ០០ និង ៣០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបរលត់ជាស្ថាពរ៕

មតិយោបល់