ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៨ និង ០០ នាទីយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ការឃាត់ខ្លួននេះ ធ្វើទ្បើងក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ ឈ.ច ភេទស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដោយប្តឹងទៅលើជនសង្ស័យឈ្មោះ រ៉េត រឿន ភេទប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា ពីបទ រំលោភសេពសន្ថវៈ។
ដំណើររឿង៖ នៅយប់ម៉ោង ១០និង០០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ឈ.ច បានបិទភ្លើងអំពូល រួចចូលដេកលើគ្រែក្នុងបន្ទប់របស់ខ្លួន អំទ្បុងពេលកំពុងលង់លក់ ស្រាប់តែជនឈ្មោះ រ៉េត រឿន ត្រូវជាបងថ្លៃ បានធ្វើសកម្មភាពយកដៃចាប់ខ្ទប់មាត់មិនឲ្យស្រែក និងសង្កត់លើខ្លួន ក្នុងគោលបំណងរំលោភ។ ប៉ុន្តែនៅពេលនោះ ត្រូវជនរងគ្រោះរើបម្រាស់រួច ហើយស្រែកឲ្យបងប្អូន ម៉ែឪជួយ ភ្លាមនោះជនល្មើស បានរត់គេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅម៉ោង ៩ និង ៣០ នាទីថ្ងៃដដែល រួចនាំមកអធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ៕
មតិយោបល់