ភ្នំពេញៈ យុវជនម្នាក់ និងនារីម្នាក់ បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមពេញផ្លូវ ខណៈនារីម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿន មិនប្រយ័ត្នជ្រុលទៅបុក ជាមួយរថយន្តមិនចាំម៉ាក ពេលយប់ពេញទំហឹង ហើយរថយន្តបើករត់បាត់ស្រមោល។
ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង២ និង៤០នាទីយប់ទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ជនរងគ្រោះប្រុសស្រីនាក់ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនម្នាក់ រួមដំណើរនិងនារីពីរនាក់ ជិះម៉ូតូស៊ុយគីឡែតមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ CP 4848 ធ្វើដំណើរពីលិចទៅកើត បោះពួយយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានបុករថយន្តមិនចាំម៉ាកមួយគ្រឿង ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នា បណ្ដាលយុវជន និងនារីដែលរួមដំណើរបែកក្បាលស្លាប់ ក្នុងថ្លុមឈាមគួរឲ្យអាណោចអាធ័ម និងនារីម្នាក់ទៀតរងរបួសធ្ងន់។
ភ្លាមៗនោះដែររថយន្តមិនចាំម៉ាក មិនបានឈប់ទេ បានបន្ថែមល្បឿនបើកគេចបាត់ស្រមោល បន្សល់ទុកជនរងគ្រោះ ស្លាប់នៅនឹងផ្លូវ។
ក្រោយហេតុការណ៍នារីដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ហើយសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងជំនាញមកវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីរងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។
ចំណែកសាកសពប្រុសស្រីពីរនាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ ឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់