ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យមានផ្ទុកសារធាតុញៀន ធ្វើសកម្មភាពឆក់កាបូប

ភ្នំពេញ: កាលពីវេលាម៉ោង ៥ និង១៥នាទីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូប) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ទី១.ជនសង្ស័យឈ្មោះ វន សៀត ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ទី២.ជនសង្ស័យឈ្មោះ គង់ សារិន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ សុខ ដួង ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ កម្មករោងចក្រ។

វត្ថុតាងចាប់យក៖ កាបូបដៃចំនួន០១ ទូរស័ព្ទដៃ ចំនួន០១គ្រឿង និង លុយខ្មែរមួយចំនួន (ជារបស់ជនរងគ្រោះ) និងម៉ូតូ០១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ លេខតួ+ម៉ាស៊ីន 312445 ពាក់ស្លាកលេខ តាកែវ1O 2248 (ជារបស់ជនសង្ស័យ) ។

សមត្ថកិច្ច បានឲ្យដឹងថា ថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ ២០១៩ វេលាម៉ោង ៥ និង១៥នាទីល្ងាច នៅចំណុចកើតហេតុ ជនរងគ្រោះឈ្មោះ សុខ ដួង កំពុងជិះម៉ូតូឌុប ដោយមានកាន់កាបូបដៃ ពេលនោះជនសង្ស័យឈ្មោះ វន សៀត និង ឈ្មោះ គង់ សារិន បានជិះម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 1O-2248 មកធ្វើសកម្មភាពឆក់យកកាបូបដៃ របស់ជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួន ភ្លាមៗនោះជនរងគ្រោះ បានជិះម៉ូតូឌុបដេញតាមពីក្រោយ រហូតដល់ចំណុចផ្លូវ៣៧១សឡា សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ អ្នករត់ម៉ូតូឌុបបានបើកម៉ូតូ បុកម៉ូតូជនសង្ស័យ បណ្តាលឲ្យដួល ទន្ទឹមនោះកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ក៏ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ ឈ្មោះ វន សៀត និង ឈ្មោះ គង់ សារិន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចាត់ការបន្តតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕

មតិយោបល់