ភ្នំពេញៈ ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌធ្វើការឃាត់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ សាឡេះ ម៉ាត់សេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ អ្នកនេសាទ និងម្នាក់ទៀតមានឈ្មោះ អ៊ី អាហ្សីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ អ្នកនេសាទ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិឫស្សីកែវជ្រោយ ឃុំជ្រោយមេត្រីលើ ស្រុកមុខកំពូល ខេត្តកណ្តាល ជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានធ្វើការល្បាតក្នុងមូលដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ពេលនោះ ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ ហើយបានជិះម៉ូតូយ៉ាងលឿនគេចពីគោលរបស់សមត្ថកិច្ចនៅម្តុំគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការដេញតាម រហូតមកដល់ចំណុចមុខផ្សារព្រែកលាប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ហើយកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការសាកសួរ និងបានឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ២១កញ្ចប់ ជាប្រភេទ ម៉ាកទឹកកក រួចនិងម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Q-3347 ក្រោយមកសមត្ថកិច្ចយើងចាប់បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ ។
បើតាមការឆ្លើយសារភាពពីជនសង្ស័យទាំង ២នាក់ បាននិយាយប្រាប់ថា មានគេផ្ញើរឲ្យយកទៅលក់នៅឯស្រុកឫស្សីជ្រោយ ខេត្តកណ្តាល ដោយរូបគេទាំង ២នាក់ បានទៅយកថ្នាំនោះ នៅម្តុំផ្លូវរថភ្លើង ក្បែររោងចក្រឆ្នាំង ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយទិញអស់ទឹកប្រាក់ចំនួន ៦០ម៉ឺនរៀល បន្ទាប់ពីទទួលបានថ្នាំរួចហើយ ពួកគេទាំង ២នាក់ ក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅស្រុកវិញ ក៏បានជួបនិងសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតីវិធី៕
មតិយោបល់