បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់
កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទី១-ឈ្មោះ ថន ថុន ភេទប្រុស អាយុ ៣៥ឆ្នាំ ទី២-ឈ្មោះ រ័ត្ន ឡាទី ភេទប្រុស អាយុ ៣១ឆ្នាំ និងទី៣-ឈ្មោះ វ៉ែន ពៅ ភេទប្រុស អាយុ ៥១ឆ្នាំ អ្នកទាំងបីរស់នៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀម វី ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ បានបំភ្លឺឲ្យដឹងថា៖ ជនសង្ស័យខាងលើ បានផឹកស៊ីជាមួយគ្នា នៅការដ្ឋានសាងសង់មួយកន្លែង ហើយបានទាស់សម្តីគ្នាតិចតួច ស្រាប់តែជនសង្ស័យទាំង ០៣នាក់ បានយកដែកស្បែងវាយមកលើជនរងគ្រោះ ចំស្មារឆ្វេង និងដំបងឈើដើមគរមានបន្លា វាយចំចង្កេះខាងស្តាំ ឯជនសង្ស័យម្នាក់ទៀត វាយដោយកណ្តាប់ដៃចំខ្ទង់ច្រមុះ បណ្តាលឲ្យខ្លួនសន្លប់លែងដឹងខ្លួន។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះប្រាកដមែន ដោយប្រើដែកស្បែង ប្រវែង ១.២០ម៉ែត្រ និងដំបងឈើប្រវែង ១.២០ម៉ែត្រ វាយទៅលើជនរងគ្រោះ ។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់