ព័ត៌មានជាតិ

កូនខ្មែរគួរកុំឆាប់ស្រលាញ់ ហើយមិនចេះថែរក្សាក្តីស្រលាញ់

ភ្នំពេញៈ​ ប្រជាជនខ្មែរមួយចំនួនជាពិសេសមនុស្សវ័យចំណាស់ៗប្រហែលជានៅចាំបានច្រើនពីកាលបរិច្ឆេទដែលប្រសាទព្រះវិហារខ្មែរត្រូវបានត្រូវបានតុលាការអន្តរជាតិ ឡាអេ​ បានចេញសាលក្រមសម្រេចឱ្យភាគីខ្មែរឈ្នះក្តី​លើភាគីថៃ​ និងទទួលស្គាល់ថា​ ប្រសាទព្រះវិហារជារបស់ខ្មែរ​ នៅថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ១៩៦២។

រឿងថ្មីៗក្តៅដែលកូនខ្មែរជំនាន់ក្រោយភាគច្រើនហាក់នៅចងចាំគួរសមនោះ​ គឺពាក់ព័ន្ធនឹងថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០១៦​ ជាខួប៨ឆ្នាំដែលប្រាសាទព្រះវិហារខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​ ដោយអង្គការ​ យូណេស្កូ​ (UNESCO)​ ក្នុងសម័យប្រជុំលើកទី៣២​ នៅទីក្រុង​ កេបិច​ ប្រទេសកាន់ណាដា​ កាលពីថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០០៨។

ជាការពិតណាស់ថា​ ថ្នាក់ដឹកនាំជាតិខ្មែរបានតស៊ូយ៉ាងស្វិតស្វាញក្នុងការការពារប្រាសាទព្រះវិហារ​ ដែលជាសម្បត្តិវប្បធម៌​ជាកេរតំណែលរបស់បុព្វបុរសខ្មែរជំនាន់ដើម​ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ​ ប៉ុន្តែបើកូនខ្មែរជំនាន់ក្រោយមិននាំគ្នាស្រលាញ់​ និងអភិរក្សទេតើទ្រព្យដ៏មហាសាលនេះនឹងគង់វង់ដែរឬទេ?

គេនៅចាំបានថា​ នៅក្រោមការដឹកនាំប្រទេសដោយព្រះបរមរតនកោដ្ឋ​ ព្រះបាទនរោត្ដម​ សីហនុ​ ព្រះអង្គបានចំណាយពេលរាប់សិបទសវវត្សទំរាំតែតុលាការអន្តរជាតិឡាអេ​ បានសម្រេចឱ្យខ្មែរឈ្មះក្តីលើភាគីថៃ​ និងត្រូវឱ្យថៃទទួលស្គាល់ថា ព្រះវិហារជារបស់ខ្មែរ។

រាជរដ្ឋាភិបាលខ្មែរក៏ចំណាយពេលមិនតិចដែរ ក្នុងការស្នើសុំទៅអង្គការ​ យូណេស្កូ​ ឱ្យដាក់ព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក​ ពោលគឺរយៈពេលជិតកន្លះសតវត្សទើបបានសម្រេចជោគជ័យដ៏កាត់ថ្លៃមិនបានមួយនេះ។

តើមានកូនខ្មែរប៉ុន្មាននាក់នៅចងចាំថា​ តុលាការឡាអេសម្រេចឱ្យខ្មែរឈ្នះក្តី​ និងទទួលស្គាល់ប្រាសាទព្រះវិហារជារបស់ខ្មែរ? តើមានកូនខ្មែរប៉ុន្មាននាក់ដែរនៅចងចាំថ្ងៃដែលអង្គការ​ យូណេស្កូ​ សម្រេចដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក? ប្រហែលមានកូនខ្មែរភាគតិចណាស់ដែលនៅចាំកាលបរិច្ឆេទសំខាន់ៗទាំងអស់នេះ។

ការចងចាំថ្ងៃខែសំខាន់ទាំងនេះ វាជាការប្រសើរមួយហើយ​ ប៉ុន្តែការថែរក្សាការពារ​ និងធ្វើពិធីរំឭកថ្ងៃខែសំខាន់ទាំងនោះ ក៏ជាកក្តាដែលមិនអាចខ្វះបានផងដែរ។ គេនៅចាំបានថា​ នៅគ្រាភ្លាមនៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោកនោះ​ រាជរដ្ឋាភិបាលកម្ពុជា​ បានរៀបចំឱ្យមានកម្មវិធីយ៉ាងធំដើម្បីអបអរសាទរនៅក្នុងពហុកីឡាដ្ឋានអូឡាំពិក​។ មិនបានប៉ុន្មានថ្ងៃក្រោយមកផង​ កងទ័ពថៃក៏បានមកដល់ទឹកដីប្រាសាទព្រះវិហារ​ ក្នុងបំណងកាន់កាប់ប្រាសាទខ្មែរមួយនេះ​ ដោយអះអាងថា​ ប្រាសាទនេះជារបស់ថៃ​ និងបានប៉ះទង្គិចប្រដាប់អាវុធជាច្រើនលើកផងដែរ។ អំឡុងពេលដែលថៃចូលលុកលុយដីព្រះវិហារខ្មែរនេះហើយ​ ដែលគេបានសង្កេតឃើញថា​ កូនខ្មែរភាគច្រើនលើសលុបបានសម្តែងក្តីស្រលាញ់​ និងការពារសម្បត្តិវប្បធម៌របស់ប្រទេសខ្លួនយ៉ាងផុសផុល។ ក្រៅពីការសម្តែងក្តីស្រលាញ់​ និងការពារ​ កូនខ្មែរបានប្រម៉ែប្រមូលថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅជួយឧបត្ថម្ភដល់កងទ័ពខ្មែរដែលឈរជើងការពារប្រាសាទព្រះវិហារនៅគ្រានោះ។

អ្វីដែលគួរកត់សម្គាល់​នោះ​ គឺគេនៅតែឃើញថា ភាគីថៃ​បានដាក់កម្លាំងទ័ពនៅតំបន់ព្រះវិហារដដែល​ ហើយថៃនៅតែមានមហិច្ចតា​ចង់បានប្រាសាទព្រះវិហារដដែល​ ប៉ុន្តែសកម្មភាពគាំទ្រ​ ការពារ​ និងស្រលាញ់​ ប្រសាទព្រះវិហាររបស់កូនខ្មែរហាក់ថនថយទៅវិញបន្តិចហើយ។ ក្រៅពីក្រសួង​ ស្ថាប័នរដ្ឋ​ និងឯកជនមួយចំនួន​នោះ​ សកម្មភាពឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ​ និងថវិកា​ជូនដល់កងទ័ពខ្មែរជួរមុខការពារទឹកដីព្រះវិហារ​ ពីប្រជាជនខ្មែរនៅសមរភូមិក្រោយហាក់ស្ងាត់ឈឹងទៅហើយ។ វារឹងរឹតតែស្ងាត់ទៅទៀតនោះ គឺសកម្មភាពផុសផុលរបស់កូនខ្មែរនៃការសម្តែងឆន្ទៈស្រលាញ់​ព្រះវិហារ​ នៅក្នុងថ្ងៃខួបដែលដែលប្រសាទព្រះវិហារត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​ ក៏បានធ្លាក់ចុះទៅហើយ​ ធ្លាក់ចុះដោយសារតែគេបានមើលឃើញថា​ អាចមកពីរដ្ឋាភិបាលមិនបានប្រកាសឱ្យរៀបចំពិធីនេះ​ និងម្យ៉ាងទៀតអាចមកពីកូនខ្មែរមួយចំនួនធំមិនបានចងចាំថ្ងៃនោះក៏ថាបាន​ ព្រោះមានកូនខ្មែរតិចណាស់ដែលបានបង្ហោះនៅលើគណនីហេសប៊ុករបស់ខ្លួនអំពីថ្ងៃរំឭកខួបនេះ​ និងមានស្ថាប័នតិចតួចណាស់ដែលប្រារព្ធពិធីនេះ។

កូនខ្មែរគួរតែចេះស្រលាញ់​ និងថែរក្សាក្តីស្រលាញ់នោះឱ្យបានយូរអង្វែងជាងនេះ ​ដើម្បីចូលរួមជួយថែរក្សាសម្បត្តិវប្បធម៌ជាតិ​ និងបង្ហាញពិភពលោកថាកូនខ្មែរពិតជាចេះស្រលាញ់​ និងចេះអភិរក្សសម្បត្តិមហាសាលដែលបុព្វបុរសជំនាន់ដើមបន្សល់ទុកឱ្យយ៉ាងពិតប្រាកដ។ មួយវិញទៀត​ រដ្ឋាភិបាលជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ​ និងចាត់ចែងឱ្យមានពិធីរំឭកខួបថ្ងៃដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក​ ជាផ្លូវការទូទាំងប្រទេស​ ដើម្បីជាសក្ខីកម្មនៃក្តីស្រលាញលដ៏យូរអង្វែងរបស់បេះដូងខ្មែរចំពោះប្រាសាទព្រះវិហារ៕

មតិយោបល់