ព័ត៌មានជាតិ

ស្ត្រីអ្នករើសអេតចាយម្នាក់ មានជំងឺប្រចាំកាយ ឈឺដាច់បាយ ដេកស្លាប់យ៉ាងអាណោចអាធ័មក្រោមដំបូលរោងអ្នកតា

ភ្នំពេញៈ គួរឲ្យអាសូរណាស់ ស្រ្តីអ្នករើសអេតចាយម្នាក់ មានជំងឺប្រចាំកាយ ឈឺដាច់បាយ រហូតដេកស្លាប់ នៅខ្ទមអ្នកតា មាត់ស្រះទឹកព្រះទន្លេ ក្រុម៦ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ព្រឹក ទើបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល ។

ជនរងគ្រោះឈ្មោះ លីន ដា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបររើសអេតចាយ មានប្តី ឈ្មោះ អុល សិត អាយុ៤៦ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅតាមក្រោមដើមឈើ ខ្ទមអ្នកតា ត្រង់ចំណុចកើតហេតុ ជាច្រើនខែមកហើយ ។ មានស្រុកកំណើត ភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ។

តាមបុរសជាប្តីរបស់ស្រ្តីរងគ្រោះ បានឲ្យដឹងថា គាត់២នាក់ប្តីប្រពន្ធ រួមជាមួយកូនធម៌៣នាក់ទៀត ប្រកបរបរ ដើររើសអេតចាយ មកស្នាក់នៅ ចំណុចខាងលើជាង៣ខែមកហើយ ស្នាក់អាស្រ័យ ជ្រកក្រោមដើមឈើ ក្រោមដំបូលខ្ទមអ្នកតា ហើយគាត់ក៏មានកូនប្រុសម្នាក់ បួសជានេន សង្ឃ នៅវត្តគោកបញ្ជាន់ ។

ប្រភពដដែលបន្តទៀតថា ប្រពន្ធរបស់គាត់ ឈឺច្រើនថ្ងៃមកហើយ គ្មានលុយទិញថ្នាំព្យាបាល គ្មានលទ្ធភាពនាំយកទៅពេទ្យចំនួន៤ថ្ងៃហើយ ជំងឺកាន់តែធ្ងន់ ដាច់បាយ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ បន្ទាប់ពីស្ថានភាពជំងឺកាន់តែដាប ក្រោយបញ្ចុកបបរួច ឲ្យលេបថ្នាំប៉ារ៉ា មួយសន្ទុះក្រោយមក ស្រាប់តែដួលសន្លប់ ក្រោមដើមឈើក្បែរនោះ ប្តី និងកូនធម៌ នាំគ្នាសែងយកមកដាក់ ក្រោមដំបូលខ្ទមអ្នកតា រហូតដល់ម៉ោង១២អធ្រាត្រ ចូលថ្ងៃទី២៥ ខែកុម្ភៈនេះ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្ដង ហើយមិនបានរាយការណ៍ទៅណាទេ ដោយសារយប់ជ្រៅទៅហើយ នៅដេកឱបសព រហូតដល់ព្រឹក ថ្ងៃទី២៥ ទើបពលរដ្ឋឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យមើល។

សាកសពត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យឃើញថា ស្លាប់ដោយសារគាំងបេះដូង រួចប្រគល់ឲ្យក្រុមគ្រួសារ រួមជាមួយអាជ្ញាធរ ជួយដឹកយកទៅធ្វើបុណ្យ នៅវត្តគោកបញ្ជាន់តាមប្រពៃណី៕

មតិយោបល់